លោកផ្កាយ១គំរាមផ្ទុះអាវុធក្នុងហាង វិមានព្រិល សង្ស័យសុំស្នេហ៍ម្ចាស់ហាងមិនបាន
ភ្នំពេញ ៖ សេចក្តីរាយការណ៍មួយបានឱ្យដឹងថា នៅវេលាម៉ោង១និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ខែសីហា ឆ្នាំ២០២០ មានហេតុការណ៍ផ្អើលឆោរឡោចេញពីហាងផឹកស៉ីមួយកន្លែង ដែលស្ថិតនៅតាមបណ្តោយផ្លូវ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។ ដោយមានបុរសស៉ីវិលម្នាក់ដែលគេស្គាល់ថាជាឧត្តមសេនីយ៍ត្រី (ផ្កាយ១ ) បានជិះរថយន្តម៉ាក LEXUS RX 400h ពណ៌ស្ករ ស្លាកលេខនគរបាល 2-7119 ១គ្រឿង បានចូលទៅហាងផឹកស៊ីដែលមានយីហោ “វិមានព្រិល” ហើយក៏ស្រាប់តែផ្ទុះហិង្សាជាមួយម្ចាស់ហាងក៏បានដកកាំភ្លើងខ្លី មិនស្គាល់ម៉ាក់មួយដើមគំរាមបាញ់ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលម្នាក់ៗរត់ចែកជើងគ្នា ហើយក៏មានអ្នករាយការណ៍ទៅសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ ។
ក្រោយពេលសមត្ថកិច្ចចុះទៅដល់កន្លែងភ្លាម ជនបង្កបានឡើងរថយន្តបើកគេចចេញពីកន្លែងកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងនគរបាលខណ្ឌចំការមន ធ្វើការដេញតាមរហូតដល់សង្កាត់ច្បារអំពៅផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ ទើបធ្វើការឃាត់រថយន្តនោះបាន ក៏នាំខ្លួនមកកាន់អធិការដ្ឋានខណ្ឌចំការមនវិញ ។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុជនបង្កនោះបានចូលផឹកស៉ីក្នុងហាង វិមានព្រិល ខាងលើ បានមួយសន្ទុះស្រាប់តែមានទំនាស់ជាមួយម្ចាស់ហាង ដែលសង្ស័យផ្តើមចេញពីសុំស្នេហ៍ម្ចាស់ហាងមិនបាន ទើបបង្កជាទំនាស់ឈានដល់ដកកាំភ្លើងគំរាមបែបនេះ ។
ក្រោយពេលបញ្ជូនជនបងនោះមកដល់អធិការដ្ឋាននគរបាលខណ្ឌចំការមន សមត្ថកិច្ចបានបង្ហាញអត្តសញ្ញាណជនបង្កនោះ ឱ្យដឹងថាមានឈ្មោះ ជិន សាមីឌី អាយុ៣២ឆ្នាំ មានឋានន្តរស័ក្តិ ជាឧត្តមសេនីយត្រី (ផ្កាយ១) ទីលំនៅផ្ទះលេខ ១៥V ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។
ក្រោយពេលឃាត់ខ្លួនជនបង្កខាងលើ សមត្ថកិច្ចបាននាំមកកាន់អធិការដ្ឋានខណ្ឌចំការមនដើម្បីធ្វើការសាកសួរបន្ថែម រីឯស្រ្តីម្នាក់ដែលជាម្ចាស់ហាងខាងលើក៏ត្រូវបានសមត្ថកិច្ចអញ្ចើញមកកាន់អធិការដ្ឋានខណ្ឌចំមនផងដែរ ដើម្បីសាកសួរមូលហេតុឱ្យដែលផ្តើមចេញពីអ្វីឱ្យពិតប្រាកដ ៕