លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ដឹកនាំកងកម្លាំង ចូលរួមពិធីដង្ហែលោកវរសេនីយ៍ត្រី សេន សំអ៊ុល នាយរង ការិយាល័យវិទ្យុ ទាក់ទង

ខេត្តកំពង់ធំ៖ រសៀលថ្ងៃទី ០៦ ខែ សីហា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងចូលរួមពិធីដង្ហែសពលោកវរសេនីយ៍ត្រី សេន សំអ៊ុល នាយរងការិយាល័យវិទ្យុទាក់ទង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។

ក្បួនដង្ហែសពលោកវរសេនីយ៍ត្រី សេន សំអ៊ុល នាយរងការិយាល័យវិទ្យុទាក់ទង ចេញដំណើរពីគេហដ្ឋានរបស់លោកក្នុងភូមិ កំពង់រទេះ សង្កាត់ កំពង់រទេះ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ឆ្ពោះសំដៅទៅកាន់វត្ត ឥន្ទ្រីយ៍សំវរ: ហៅវត្ត កំពង់ធំ ស្ថិតក្នុងភូមិ ក្ដី សង្កាត់ ព្រៃតាហ៊ូ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីធ្វើពិធីបូជា ។មរណភាព របស់លោក សេន សំអ៊ុល គឺជាការបាត់បង់ស្វាមី ដ៏ឧត្តុង្គឧត្តម មានស្វាមីភាពជាទីស្រលាញ់របស់ភរិយា និងជាការបាត់បង់បិតាបងប្អូនជីតា ប្រកបដោយព្រហ្មវិហារធម៌ ចំពោះបុត្រធីតាគ្រប់ៗរូប និងជាការបាត់បង់កល្យាណមិត្តដែលធ្លាប់រួមសុខរួមទុក្ខជាមួយគ្នា ក្នុងជួរកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ អស់រយៈពេលប្រមាណ ៣១ ឆ្នាំ ដែលលោកវរសេនីយ៍ត្រី បានចូលរួមបំពេញភារកិច្ច បេសកកម្ម ការពារ ថែរក្សា សន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាព ជូនសង្គមជាតិ ថ្នាក់ដឹកនាំ និងប្រជារាស្រ្ត។

ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោអ៊ុក កុសល ស្នងការនគរបាលខេត្ត បានគោរពវិញ្ញាណក្ខ័ន្ធ និងបួងសួង ដល់វត្ថុសក្តិសិទ្ធិ ក្នុងលោក សូមជួយតម្រែតម្រង់ដួងវិញ្ញាណក្ខ័ន្ធ របស់លោក វរសេនីយ៍ត្រី សេន សំអុល បានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

គួររំលឹកថា លោកវរសេនីយ៍ត្រី សេន សំអ៊ុលទទួលមរណភាព នាថ្ងៃទី ០៤ ខែ សីហា ឆ្នាំ២០២០វេលាម៉ោង ១៤ និង ០៥ នាទី ដោយសាររោគា ហើយត្រូវបានក្រុមគ្រួសាររបស់លោករៀបចំធ្វើបុណ្យតាមប្រពៃណី ទំនៀមទំលាប់ខ្មែរ រយៈពេល ០២យប់ ០៣ ថ្ងៃ ស្ថិតនៅគេហដ្ឋានរបស់លោកស្ថិតនៅភូមិ-សង្កាត់ខាងលើ ៕