បុគ្គលិកក្រុមហ៊ុនអចលនាទ្រព្យ Business Channel Cambodia ៣នាក់ ចូលផ្ទះវិឡាគេ(គ្មានការអនុញាតិ) និងទារលុយកុំមីស្យុងថ្លៃទិញផ្ទះជាង១លានដុល្លារ ត្រូវបានម្ចាស់ផ្ទះប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន
រាជធានីភ្នំពេញ ៖ បុរសចំនួន៣នាក់ ដែលជាបុគ្គលិកក្រុមហ៊ុនអចលនទ្រព្យ Business Channel Cambodia ត្រូវបានកម្លាំងមានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរ ក្រោយពីបុរសទាំង៣នាក់នេះ បាននាំគ្នាចូលទៅក្នុងផ្ទះវីឡាមួយកន្លែងដែលមានតម្លៃជាង១លានដុល្លារ ដើម្បីទាមទារលុយថ្លៃកំមីស្យុងរបស់ពួកគេមួយចំនួន តែត្រូវបានបុរសជាម្ចាស់ផ្ទះបានប្តឹងសមត្ថកិច្ចថា «ពួកគេបានចូលផ្ទះដោយគ្មានការអនុញ្ញាត និងគំរាមកំហែង»។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្ទះវីឡាលេខ៤៥ ផ្លូវលេខ៤៦៨ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានបានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុ បុគ្គលិករបស់ក្រុមហ៊ុនអចលនទ្រព្យ Business Channel Cambodia ចំនួន៤នាក់ បាននាំគ្នាមកកាន់ផ្ទះវីឡាមួយកន្លែងខាងលើ ដោយបុរសចំនួន ៣នាក់ បានចូលទៅខាងក្នុង និង ម្នាក់ទៀតនៅឈរចាំខាងក្រៅរបងមុខផ្ទះ។ ពេលដែលពួកគេទាំងបាន ៣នាក់បានចូលទៅខាងក្នុងផ្ទះវីឡានោះ ក៏ជួបនឹងបុរសម្នាក់ដែលជាម្ចាស់ផ្ទះថ្មីដែលទើបនឹងទិញពីគេ និងកំពុងតែឈរមើលការខុសត្រូវ កម្មករធ្វើការបោសសំអាត។ ពេលនោះបុរសទាំង៣នាក់ក៏បានធ្វើការសួរនាំ រឿងលុយកំមីស្យុងរបស់ពួកគេជាមួយនិងបុរសម្ចាស់ផ្ទះថ្មីដែលទើបនិងទិញពីគេ (ផ្ទះវីឡាមួយនេះ មានតម្លៃទៅដល់រហូតទៅដល់១លានដុល្លារឯណ្ណោះ តែសម្រាប់លុយកំមីស្យុងដែលពួកគេមកទារពី គាត់នាពេលនេះ មិនដឹងថាទារលុយប៉ុន្មាននោះទេ) ក្រោយក្រោយទំនងជាម្ចាស់ផ្ទះគេមិនឲ្យ ទើបបង្កឲ្យមានការជជែកគ្នាយ៉ាងតឹងសសៃ.ក ហើយបុរសជាម្ចាស់ផ្ទះរាយការណ៍ទៅប្រាប់ថាសមត្ថកិច្ចថា «មានគេចូលផ្ទះដោយគ្មានការអនុញ្ញាត និង គំរាមកំហែងដល់ ក្នុងផ្ទះរបស់ខ្លួន» និងឲ្យធ្វើការឃាត់ខ្លួនបុរសទាំង ៣នាក់តែម្តង។
ក្នុងនោះដែរ បើតាមសម្ដីរបស់ពួកគេទាំង៣នាក់ បានបញ្ជាក់ប្រាប់ថា «កាលពីពេលកន្លងមកនេះ ពួកគេធ្លាប់បាននាំបុរសម្នាក់ខាងលើដើររកមើលទិញផ្ទះចំនួន ២ ទៅ៣កន្លែងមកហើយ រាប់ទាំងផ្ទះវីឡាមួយនេះផងដែរ» ប៉ុន្តែដោយដាច់ទំនាក់ទំនងគ្នាមួយរយៈ ក៏ស្រាប់តែបានឃើញរូបគាត់បានទំនាក់ទំនងជាមួយនិងម្ចាស់ផ្ទះនេះ និងបានទិញយកផ្ទះវីឡាមួយនេះដោយមិនឲ្យពុកគាត់ដឹង ក្រោយពីពួកគេបានស៊ើបដឹង និងស្គាល់ពីបុរសម្នាក់ដែលធ្លាប់ពឹងពាក់ពួកគេរកដើរទិញនិង លួចទិញស្ងាត់ៗនោះ ទើបពួកគេមករកទារលុយថ្លៃកុំមីស្យុង តែម្តង។
ក្រោយពីទទួលបាននូវការរាយការណ៍ពីបុរសម្នាក់ជាម្ចាស់ផ្ទះវីឡាខាងលើប្តឹង កម្លាំងមានសម្ថកិច្ចថា«មានគេ ចូលមកក្នុងផ្ទះដោយគ្មានការអនុញ្ញាត និង គំរាមកំហែងខ្លួនដល់ក្នុងផ្ទះរួចហើយ» ក៏បានធ្វើការឃាត់ ខ្លួនបុរសទាំង ៣នាក់ យកទៅកាន់នគរបាលប៉ុស្តិ៍ទួលទំពូងទី២ ដើម្បីសាកសួរ និងកសាងសំណុំរឿងបន្តចាត់ការទៅតាមផ្លូវច្បាប់តែម្តង៕