អាជ្ញាធរស្រុកកែវសីមា ចុះបង្ក្រាបបទល្មើសដឹកឈើជិត ១០ក្បូន ប៉ុន្តែហេតុអ្វីរកម្ចាស់អត់ឃើញ?
(មណ្ឌលគិរី)៖ ឈើប្រណីតត្ជិត១០ក្បូនត្រូវក្រុមឈ្មួញខិលខូចលួចចងទម្លាក់ក្នុងទឹកអូរហ៊ុចដែលជាអូរស្ថិតក្នុងតំបន់ស របស់ប្រទេសកម្ពុជា និងប្រទេសវៀតណាម ត្រូវបានកម្លាំងសមត្ថកិច្ចនៃគណៈបញ្ជាការឯកភាពស្រុកកែវសីមា ចុះបង្រ្កាបបាន កាលពីវេលាម៉ោង១៧ និង ៣០នាទី កាលពីល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ចំណុច UTM ០៧១៧៩៦៣-១៣៣ ៩៥០៨ ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌគិរី។
បើយោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ការចុះបង្រ្កាបខាងលើ បានរកឃើញឈើល្មើសច្បាប់ជិត ១០ក្បូន បណ្ដែតមកពីអូរហុច នៅចំណុចបង្គោល៦១-២ (១) ទៅអូរប៉ូយាយម៉ាប់ ខេត្តដាក់ណុង ប្រទេសវៀតណាម។
បច្ចុប្បន្ន វត្ថុតាងទាំងអស់ត្រូវយកទៅរក្សាទុកមន្ទីរបវិស្ថាន ចាត់ការ និងស្រាវជ្រាវរកម្ចាស់ឲ្យមកទទួលខុសចំពោះមុខច្បាប់ ដែលហ៊ានលួចកាប់ឈើមិនប្រាប់អាជ្ញាធរឲ្យដឹងជាមុន។
គួររម្លឹកថា តំបន់អូរហ៊ុច គឺជាទីតាំងប្រព្រឹត្តបទល្មើសព្រៃឈើយ៉ាងក្ដៅគគុក រហូតដល់ធ្លាប់មានការបាញ់សម្លាប់មន្ត្រីកងរាជអាវុធហត្ថ ដែលចុះទៅល្បាតនៅតំបន់នោះផងដែរ ប៉ុន្តែបន្ទាប់ពីសកម្មភាពកាប់បំផ្លាញព្រៃឈើយកទៅលក់នៅប្រទេសវៀតណាមបានស្ងប់ស្ងាត់បានមួយភ្លែត ក៏មានសេចក្ដីរាយការណ៍ពីសកម្មភាពល្មើសដដែលនេះកើតឡើងសារជាថ្មី៕