តារាចម្រៀង Original song ល្បីឈ្មោះ កញ្ញា នីគីនីគី (Nikki Nikki) ក្លាយជាឯកអគ្គរដ្ឋទូតសុឆន្ទៈឲ្យផលិតផលរ T&L
(ភ្នំពេញ)៖ តារាចម្រៀង Original song ល្បីឈ្មោះ កញ្ញា នីគីនីគី (Nikki Nikki) បានទទួលឱកាសការងារថ្មីមួយទៀត ដោយកញ្ញាត្រូវបានក្រុមហ៊ុន Theara Leang Co.,LTD ជ្រើសរើសធ្វើជាឯកអគ្គរដ្ឋទូតសុឆន្ទៈ ឲ្យផលិតផលរបស់ខ្លួន គឺម៉ាក T&L ដែលកំពុងល្បីខ្លាំងនៅកម្ពុជា។
ក្រុមហ៊ុន Theara Leang Co.,LTD បានរៀបចំកម្មវិធីប្រកាស ជ្រើសយកនីគីនីគីធ្វើជាឯកអគ្គរដ្ឋទូតសុឆន្ទៈ ផលិតផលរបស់ក្រុមហ៊ុនខ្លួនជាលើកទី១ធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំង ព្រោះតែផលិតផល T&L របស់ក្រុមហ៊ុនកំពុងតែដំណើរការយ៉ាងជោគជ័យរួចទៅហើយនៅលើទីផ្សារកម្ពុជា នាពេលបច្ចុប្បន្ន ហេតុអ្វីត្រូវរើសតារាស្រីរូបនេះធ្វើជាឯកអគ្គរដ្ឋទូតសុឆន្ទៈធ្វើអ្វីទៀត។
ទាក់ទងទៅនិងការប្រកាសជាសាធារណៈក្នុងការរើស តារាចម្រៀង នីគីនីគី ធ្វើជាឯកអគ្គរដ្ឋទូតសុឆន្ទៈ របស់ក្រុមហ៊ុននេះត្រូវបានអគ្គនាយិកាក្រុមហ៊ុន Theara Leang Co.,LTD លោកជំទាវ លាង ធារ៉ា ប្រាប់ឲ្យដឹងថា នេះជាលើកទី១ហើយដែលក្រុមហ៊ុនប្រកាសទទួលយក កញ្ញា នីគីនីគី ធ្វើជាឯកអគ្គរដ្ឋទូតសុឆន្ទៈ ព្រោះហេតុផលថា កញ្ញាគឺជា អតិថិជនពិតប្រាកដរបស់ផលិតផល T&L កញ្ញាបានប្រើប្រាស់ផលិតផលក្រុមហ៊ុនគ្រប់មុខ ហើយសុទ្ធតែទទួលបានលទ្ធផលល្អ កញ្ញាគឺ ជាតារាមួយរូបដែលមុនទទួលធ្វើជាឯកអគ្គរដ្ឋទូតសុឆន្ទៈ ក្រុមហ៊ុនណាមួយគឺ សម្រឹតសម្រាំងណាស់ ហើយទាល់តែខ្លួនឯងបានដឹងបានយល់ពីគុណសម្បត្តិផលិតផលនោះច្បាស់ទើបកញ្ញាទទួលធ្វើតំណាង មិនមែនចេះតែទទួលធ្វើយកតែថ្លៃឈ្នួលនោះទេ។
លោកជំទាវ បន្តទៀតថា ការដែលរើសឯកអគ្គរដ្ឋទូតសុឆន្ទៈ មិនមែនរើសត្រឹមតែស្អាតនិងល្បីទេ ពោលគឺត្រូវរើសថាគាត់បានប្រើនិងស្គាល់ផលិតផលយើងច្បាស់ទេ ធ្លាប់ប្រើទេហើយទទួលបានលទ្ធផលយ៉ាងមិចដែរ ហើយមួយទៀតគឺ អត្តចរឹក និងចំណេះដឹងក៏ជារឿងសំខាន់ ។ ហើយទាំងអស់នេះគឺ នីគីនីគី មានគ្រប់លក្ខខណ្ឌ ទើបលោកជំទាវសម្រេចរើសកញ្ញា ធ្វើជាឯកអគ្គរដ្ឋទូតសុឆន្ទៈរបស់ក្រុមហ៊ុនតែម្តងទៅ។
ដោយឡែកកញ្ញា Nikki Nikki ជាទូតសុឆន្ទ: តំណាងអោយផលិតផលប្រេន T&L បានបង្ហាញនូវការយល់ឃើញថា ការផ្តល់នូវកិត្តិយសពីក្រុមហ៊ុនT&L សម្រាប់រូបនាងនាពេលនេះ គឺជាការសម្រេចនូវក្តីស្រម៉ៃ អាចក្លាយជាអ្នកតំណាងផលិតផលល្បីក្នុងស្រុក ហើយកញ្ញានឹងផ្សព្វផ្សាយពីភាពល្អៗ ដែលT&L មាន ទៅកាន់អ្នកគាំទ្រ តាមរយៈការសម្តែង និង បទចម្រៀងជាច្រើនរបស់កញ្ញា ។
លោកឧកញ្ញ៉ា ឌី ជោត អគ្គនាយកក្រុមហ៊ុន Theara Leang Co.Ltd បានលើកឡើងថា ភាពច្បាស់លាស់ត្រឹមត្រូវ និងផ្តល់នូវទំនុកចិត្តដល់អតិថិជន ក៏ដូចជាតំណាងចែកចាយរបស់ខ្លួន ដែលរួមដៃគ្នា ជាមួយគ្រួសារT&L កន្លងមក បានធ្វើអោយប្រេនក្នុងស្រុកមួយនេះអាចមានសមត្ថភាពពង្រីកខ្លួន បានយ៉ាងលឿនជាមួយនឹងគុណភាព ទំនុកចិត្ត និង បានជួយស្ត្រីជាមេផ្ទះជាច្រើនអោយមានការងារធ្វើ ដើម្បីបន្ថែមចំណូលចូលគ្រួសារ។
លោកបន្តថា ជាចក្ខុវិស័យរបស់ក្រុមហ៊ុន គ្រោងនឹងបង្កើតអោយមានជារោងចក្រផ្ទាល់ខ្លួន ក្នុងប្រទេសនាពេលឆាប់ៗខាងមុខនេះ ដើម្បីផ្គត់ផ្គង់ដល់អតិថិជន និងតំណាងដៃគូចែកចាយទូទាំង25ខេត្តក្រុង ប្រមាណ១ម៉ឺននាក់៕