ផ្ទុះហើយ! ច្បាប់ផាក២៥០០០៛ មិនពាក់ខ្សែក្រវ៉ាត់ តែលោកប៉ូលិសយកតែ ១៥០០០៛ មិនបាច់វិក័យប័ត្រទេ នាងមិនព្រមបង់ឲ្យ បែរជាផ្ទុះរឿងចោទថាបើករថយន្តរកបុកប៉ូលិស និងអ្នកសារព័ត៌មាន ផ្សាយបំភ្លើសការពិត!
រាជធានីភ្នំពេញ ៖ ស្ដ្រី២នាក់បើករថយន្ត LEXUS RX-330 ស្លាកលេខភ្នំពេញ 2AC-6646 មិនបានពាក់ខ្សែក្រវ៉ាត់ ត្រូវបានប៉ូលីសចរាចរណ៍បានចេញមកឃាត់ រួចធ្វើការណែនាំពីច្បាប់ចរាចរណ៍ផ្លូវគោក បែរជាស្ត្រីទាំង២នាក់ខាងលើ មិនព្រមចុះពីរថយន្តទេ ហើយថែមទាំងចង់បើកទៅបុកមន្ត្រីនគរបាលចរាចរណ៍នោះទៀត ។ ក្រោយមកសមត្ថកិច្ចក៏បានហៅរថយន្តមកអូសយករថយន្តទាំងមនុស្សលើរថយន្តទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយបន្តផងដែរ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៣:០១នាទីរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ត្រង់ចំណុចស្តុបឈាងខាងជើងនៃសណ្ឋាគារ កាំប៉ូឌីយ៉ាណា ទល់មុខសណ្ឋាគារ ហ៊ីម៉ារី ផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមការសាកសួរនៅក្នុងវិដេអូនោះឃើញថា ប៉ូលីសចរាចរណ៍ គឺមិនបានប្រើពាក្យសម្តីមិនសមរម្យនោះទេ គ្រាន់តែម្ចាស់រថយន្តមិនព្រមចុះពីរថយន្ត ដើម្បីអោយប៉ូលីសផាកពិន័យទៅតាមច្បាប់ចរាចរណ៍ផ្លូវគោក។ ខណៈដែលស្ត្រីដែលជាសមីខ្លួនចេញមុខបកស្រាយថា ចំពោះការបើកបររថយន្តដោយមិនបានពាក់ខ្សែក្រវ៉ាត់ រូបនាងព្រមទទួលស្គាល់ថាល្មើសច្បាប់ចរាចរណ៍ពិតមែន ដោយយល់ព្រមឲ្យសមត្ថកិច្ចផាកពិន័យ ២៥០០០រ តែមន្ត្រីប៉ូលិសចរាចរណ៍ខាងលើ បានទាមទារអោយពួកនាង បង់ថ្លៃផាកពិន័យត្រឹមតែ ១៥០០០៛ ដោយមិនចាំបាច់មានវិក័យប័ត្រផាកពិន័យនោះទេ ប៉ុន្តែនាងមិនព្រមបង់ជូនតាមសំណើរ ទើបមន្ត្រីប៉ូលិសខាងលើបានឃាត់រថយន្តរបស់ពួកនាង ហើយថែមទាំងហៅអ្នកសារព័ត៌មាន មកបំភ្លើសការពិតទៅវិញ ដោយចោទថារូបនាងបើករថយន្តរកបុកប៉ូលិសទៅវិញ។ ហើយនាងបានបន្ថែមទៀតហួសចិត្តទាំងថា នេះជាសង្គមមួយដែលច្បាប់ដោះស្រាយដោយយកលុយជាធំ ហើយគ្មានការសម្របសម្រួលដោយសន្តិវិធី និងភាពយុត្តិធម៌នោះទេ ថែមទាំងចោទប្រកាន់រូបនាងទៀតថា ចង់បើកបុកមន្ត្រីប៉ូលិសចរាចរណ៍ទាំងនោះទៅវិញ។
ក្រោយមកនៅវេលាម៉ោង១១យប់ថ្ងៃដដែលនេះ គណនេយ្យហ្វេសប៊ុកមួយឈ្មោះថា “Chann Sophea” បានបកស្រាយចំពោះព័ត៌មានពិស្ដារពីហេតុការណ៍នោះទាំងស្រុងថា
ក្នុងនាមជាប្រជាពលរដ្ឋមួយរូបជនជាតិខ្មែរសញ្ជាតិកម្ពុជា សូមធ្វើការបកស្រាយចំពោះមុខមហាជនកម្ពុជាអោយបានជ្រាបជាពត៌មានពិស្តាផងដែរ ប៉ូលីសមួយរូបនេះមានអាកប្បកិរិយាមិនគប្បីចំពោះនាងខ្ញុំដែលជាប្រជាពលរដ្ឋមួយរូបដែលមិនបានពាក់ខ្សែក្រវ៉ាត់តាមគោលការណ៍ច្បាប់ចរាចណ៍ ទី១ តំលៃផាកពិន័យ ២៥០០០រ តែប៉ូលីសមួយរូបនេះទាមទារអោយពួកនាងខ្ញុំបង់ត្រឹមតែ ១៥០០០រ ដោយមិនចាំបាច់មានវិក័យប័ត្រនោះទេ ប៉ុន្តែនាងខ្ញុំមិនព្រមជូនតាមសំណើរទេ ដូចនេះហើយបានជាពួកគាត់ឃាត់ឡានពួកនាងខ្ញុំ ថែមទាំងហៅអ្នកសារពត៌មានមកបំភ្លើសការពិតទៅវិញ នេះជាសង្គមមួយដែលច្បាប់ដោះស្រាយដោយយកលុយជាធំ ហើយគ្មានសំរបសំរួលដោយសន្តិវិធីដោយភាពយុត្តិធម៌នោះទេថែមទាំងចោទប្រកាន់នាងខ្ញុំថាចង់បើកបុកពួកគាត់ទៅវិញ.
សូមបញ្ជាក់ផងដែរនាងខ្ញុំឋិតនៅក្នុងសង្គមគ្រួសារមួយដែលគ្មានអំណាចខ្សែធំខ្សែតូចដូចដែលពួកគាត់និយាយមកកាន់ពួកនាងខ្ញុំនោះទេ.
មួយវិញទៀតអ្នកដែលប្រើខ្សែនឹងអំណាចគឺជាពួកគាត់វិញនោះទេដោយឃុបឃិតជាមួយអ្នកសារពត៌មានបំភ្លើសអ្វីដែលជាការពិត. មួយវិញទៀត តំលៃ២៥០០០រ មិនមានអ្វីច្រើនចំពោះនាងខ្ញុំទេផ្ទុយទៅវិញនាងខ្ញុំចង់បង់ប្រាក់២៥០០០៛នេះ ចូលទៅក្នុងបញ្ចីថវិការរដ្ឋដោយមានវិក័យប័ត្រត្រឹមត្រូវតាមច្បាប់ជាធរមានមិនមែនជូនទៅដល់អស់លោកប៉ូលីសតាមតែអំពើរចិត្តនោះទេ…………. ។
សូមបញ្ជាក់ថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃសៅរិ៍ចុងសប្ដាណ៍មុននេះ ក៏បានធ្វើកំណែទម្រង់ការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកមុនគេ ដូចជា សម្លៀកបំពាក់របស់មន្រ្តីនគរបាលតាមគោលដៅត្រូវសមរម្យ ឥរិយាបថទន់ភ្លន់សុភាពរាបសារ និងអនុវត្តច្បាប់អោយមានត្រឹមត្រូវ ជាពិសេសកែទម្លាប់ពួនស្ទាក់ចាប់អ្នកបើកបរខុសច្បាប់ជាដើមផងដែរ៕