អភិបាលរាជធានីដាក់បញ្ជាទៅអាជ្ញាធរខណ្ឌ អោយមានវិធានការអោយបានធ្ងន់ធ្ងរ ចំពោះអ្នកចាក់ដីរំលោភលើប្រឡាយលូប្រាំ

រាជធានីភ្នំពេញ​ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម​ ឃួង ស្រេង បានដាក់បញ្ជាទៅអាជ្ញាធរមានវិធានការអោយបានធ្ងន់ធ្ងរ ចំពោះអ្នកចាក់ដីរំលោភលើប្រឡាយលូប្រាំ អ្នកដែលបានរំលោភយកដីប្រឡាយជាច្រើនម៉ែត្រ ។​ បើមិនកាយដីរំលោភលើប្រឡាយនេះទេរដ្ឋបាលរាជធានីភ្នំពេញនិងមានវិធានការ ដោយនឹងធ្វើពាក្យបណ្ដឹងទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

ការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង បែបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០២០ ក្នុងខណៈដែលលោកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលស្ថានីយលូប្រាំ ដែលបានសាងសង់រួចរាល់ ១០០%​ ។ 

នៅ​ពេលចុះទៅ​ពិនិត្យ​នោះដែរ​ ឃើញ​សកម្មភាពប្រជា​ពលរដ្ឋ​​ចាក់ដី​ផ្នែក​ខាងក្រោយ​ហៀរលើ​ប្រឡាយប្រហែលជិត​១០ម៉ែត្រ ដោយដីរបស់ប្រជា​ពលរដ្ឋ​មានជម្រៅ​​តែ​១២ប៉ុណ្ណោះ​ ជា​ហេតុធ្វើ​ឱ្យ​​​លោកអភិបាល​​រាជធានី​​សម្តែង​ក្តីមិនពេញចិត្តទៅនឹង​ទង្វើបែបនេះ ហើយ​លោក​អភិបាល​រាជធានី​បានស្តី​​បន្ទោសទៅ​អភិបាល​ខណ្ឌ និង​ចៅសង្កាត់​ដែល​​បណ្តែត​បណ្តោយ​ឱ្យ​​ប្រជា​ពលរដ្ឋ​ចាក់ដីរំលោភលើ​ប្រឡាយ​បែបនេះ ។

ពាក់ព័ន្ធនឹង​​បញ្ហា​​មាន​ប្រជា​ពលរដ្ឋ​ចាក់ដីហៀរមក​លើ​ប្រឡាយនេះ​ដែរ លោកអភិបាល​រាជធានី បានតម្រូវ​ឱ្យកាយ​ចេញ​វិញទាំងអស់ បើមិនធ្វើតាមទេ អាចប្រឈម​នឹង​ផ្លូវ​ច្បាប់​ ៕