ដាក់បម្រាមហាមឃាត់ការធ្វើ អាជីវកម្មទិញ-លក់សត្វសុនខ គ្រប់ប្រភេទយកទៅសម្លាប់ នៅក្នុងខេត្តសៀមរាប

បើយោងតាមសេចក្តីជូនដំណឹង របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០​ បានឲ្យដឹងថា ការហាមប្រាមនេះ គឺបន្ទាប់ពីអាជ្ញាធរសង្កេតឃើញថា ការធ្វើអាជីវកម្មទិញ-លក់ពិឃាតសត្វសុនខ( ឆ្កែ ) មាន ភាព អាណាធិបតេយ្យ និង មានការកើនឡើងគួរឲ្យព្រួយបារម្ភនារយៈពេលចុងក្រោយនេះ។

លោក ទា គឹមសុទ្ធ ប្រធានកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បញ្ជាក់ថា សកម្មភាពនេះជាសញ្ញាមួយបង្ហាញថា មានការធ្លាក់ចុះនូវតម្លៃមនុស្សធម៌ គុណធម៌ និង ធ្វើឲ្យមានការឆ្លងរាលដាលជំងឺឆ្កែឆ្កួត និងជំងឺផ្សេងៗ ជាច្រើនពីតំបន់មួយទៅតំបន់មួយ ដែលប៉ះពាល់សុខភាពសាធារណៈ ។

មន្ទីរកសិកម្ម បន្តថាការដើរទាក់លក់- ទិញនិងពិឃាតសត្វ អាណាធិបតេយ្យផ្ទុយពី ខ្លឹមសារនៃច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ នឹងត្រូវទទួលទោសធ្ងន់ធ្ងរ តាមមាត្រា ១១២, ១១៣, ១១៥ នៃ ច្បាប់ដដែលទៀតផង ៕​