អភិបាលស្រុកភ្នំស្រួច ដឹកនាំមន្ត្រីជំនាញចុះវាស់វែងដីដើម្បីធ្វើប្លង់រឹងជូនពលរដ្ឋ ៣៦គ្រួសារ ក្រោយបញ្ចប់បញ្ហាជាមួយលោកស្រី នួន ច័ន្ទមករា

(កំពង់ស្ពឺ)៖ បន្ទាប់ពីភាគីប្រជាពលរដ្ឋចំនួន ៣៦គ្រួសារ បានបញ្ចប់វិវាទជាមួយលោកស្រី នួន ច័ន្ទមករា ក្រោមគោលនយោបាយឈ្នះ-ឈ្នះ រួចមក ពេលនេះ អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរៀបចំមន្ត្រីជំនាញឲ្យចុះវាស់វែងដីធ្លី ដើម្បីចុះបញ្ជីធ្វើជាប្លង់រឹងជូនពលរដ្ឋតាមផ្លូវច្បាប់។

សូមជម្រាបថា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ លោក ហន ពិសិដ្ឋ អភិបាលស្រុកភ្នំស្រួច និងមន្ត្រីការិយាល័យអន្តរវិស័យ នៃសាលាខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីជំនាញសុរិយោដីស្រុក និងមន្ត្រីសាលាឃុំដំបូករូង ចុះកំណត់ក្បាលដី និងវាស់វែងដីជូនបងប្អូនប្រជាពករដ្ឋ ដើម្បីចុះបញ្ជី និងចេញវិញ្ញបនបត្រសម្គាល់សិទ្ធកាន់កាប់អចនលវត្ថុ (ប្លង់រឹង)ជូនបងប្អូនប្រជាពលរដ្ឋទាំង ៣៦គ្រួសារ។

គួររម្លឹកថា វិវាទដីធ្លីទំហំ ៥,០០៧,៧៥៥ ម៉ែត្រការ៉េ មានទីតាំងនៅភូមិទឹកល្អក់ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រវាងលោកស្រី នួន ច័ន្ទមករា និងប្រជាពលរដ្ឋទាំង ៣៦គ្រួសារ ដែលអូសបន្លាយពេលជាច្រើនឆ្នាំនោះ ត្រូវបានដោះស្រាយបញ្ចប់ប្រកបដោយយុទ្ធសាស្ត្រា ឈ្នះ-ឈ្នះ និងសន្តិភាពបំផុត ក្រោមកិច្ចខិតខំប្រឹងប្រែងជួយសម្របសម្រួលរបស់ ឯកឧត្ដម ដួង តារា អនុរដ្ឋលេខាធិការនៅទីស្តីការ គណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ។

ដើម្បីសម្ដែងនូវ ការដឹងគុណ និងអរគុណចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រជាពលរដ្ឋ ក៏បានផ្ញើលិខិតថ្លែងអំណរគុណមួយច្បាប់ជូន សម្ដេចតេជោ ហ៊ុន សែន ផងដែរ។

លិខិតរបស់ប្រជាពលរដ្ឋ បានបញ្ជាក់ពីក្ដីរីករាយឥតឧបមា ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ជួយដោះស្រាយវិវាទដីធ្លីដ៏ស្មុគស្មាញ របស់ពួកគាត់ និងបានចាត់តាំង ឯកឧត្ដម ដួង តារា អនុរដ្ឋលេខាធិការនៅទីស្តីការ គណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់របស់ សម្តេច ព្រមទាំងក្រុមការងារ ចុះទៅជួយដោះស្រាយ៕