សម្ដេច ហ៊ុន សែន ៖ ឱសថក្លែងក្លាយ កំពុងរាលដាលតាមរយៈការលក់តាមអនឡាញ
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយថា ឱសថក្លែងក្លាយ និងអន់គុណភាព កំពុងរីករាលដាលដាក់លក់នៅឱសថស្ថាន និងតាមអនឡាញយ៉ាងច្រើនគួរឲ្យកត់សម្គាល់។ សម្ដេច ហ៊ុន សែន បាននិយាយថា ឱសថក្លែងក្លាយទាំងនោះ មើលពីខាងក្រៅដូចជាមានគុណភាពល្អណាស់ ប៉ុន្តែធាតុពិតនោះ វាគ្មានគុណភាពនោះទេ។
ថ្លែងក្នុងពិធីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព« នៅសណ្ឋាគារសូហ្វីតែលភូគីត្រា នៅថ្ងៃទី៥ ខែវិច្ឆិកានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ស្នើឲ្យមន្ត្រីជំនាញពាក់ព័ន្ធទប់ស្កាត់ និងផ្សព្វផ្សាយអប់រំបញ្ហាឱសថក្លែងក្លាយនេះ ទៅប្រជាពលរដ្ឋឲ្យបានដឹងផងដែរ។