លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ អញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពី នីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំក្នុងអំឡុងពេលនៃការរីករាលដាលជម្ងឺ កូវីដ-១៩
ភ្នំពេញ៖ នៅវេលាម៉ោង ៧និង៣០ នាទីព្រឹក ថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២០ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពី នីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំក្នុងអំឡុងពេលនៃការរីករាលដាលជម្ងឺ កូវីដ-១៩ នៅថ្នាក់ខណ្ឌ ។
ដោយមានការចូលរួមពី
– លោក លោកស្រី ជាមន្ត្រីសម្របសម្រួល មកពីមន្ទីរផែនការ រាជធានីភ្នំពេញ
– ប្រធាន និង មន្ត្រី ការិយាល័យផែនការ និងហិរញ្ញវត្ថុខណ្ឌ
– លោក លោកស្រី ចៅសង្កាត់ទាំង៧
– សមាជិក ក្រុមប្រឹក្សាសង្កាត់(គ.ផ.ថ)
ក្នុងនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានលើកឡើងថា ៖
– រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកាត់បន្ថយភាពក្រីក្រ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងបានចាត់ទុកថាកម្មវិធីនេះជាឧបករណ៍ដ៍មានសារៈសំខាន់ ក្នុងការជម្រុញល្បឿនការកាត់បន្ថយភាពក្រីក្រឲ្យបានឆាប់រហ័ស ដើម្បីសម្រេចបានជោគជ័យក្នុងការអនុវត្ត ។
– ដោយសារប្រជាជនក្រីក្រមិនមែនរស់នៅតែតំបន់ជនបទ ដូច្នេះចាប់តាំងពី ឆ្នាំ ២០១៩មក ការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៅតាមបណ្តា រាជធានី ខេត្ត គោលដៅនីមួយៗត្រូវអនុវត្តនីតិវិធី ២ផ្សេងគ្នាគឺ ៖
១. នីតិវិធី អត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅទីជនបទ
២. នីតិវិធី អត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៅទីប្រជុំជន ។
គោលបំណងនៃដំណើរការអត្តសញ្ញាណកម្មគ្រួសារក្រីក្រ (IDPoor) មានដូចជា ៖
– អត្តសញ្ញាណកម្មគ្រួសារក្រីក្រ សំដៅដល់កំណត់គ្រួសារក្រីក្រ កម្រិតភាពក្រីក្រ
– អត្តសញ្ញាណកម្មគ្រួសារក្រីក្រមានគោលបំណងផលិត និងផ្តល់នូវទិន្នន័យគ្រួសារក្រីក្រតាមភូមិនីមួយៗ
– គ្រួសារក្រីក្រដែលមានឈ្មោះក្នុងបញ្ជីគ្រួសារក្រីក្រចុងក្រោយនិងទទួលបានប័ណ្ណសមធម៌សម្រាប់ធ្វើជាមូលដ្ឋានក្នុងការស្វែងរកសេវា និងជំនួយផ្សេងៗពីភ្នាក់ងារផ្តល់សេវាគាំពារសង្គម ក្នុងព្រះរាជាណាចក្រកម្ពុជា សេវាទាំងនេះមាន ការផ្តល់សេវាសុខភាពដោយមិនគិតថ្លៃ ការផ្តល់អាហារូបករណ៍មានលក្ខខណ្ឌដល់សិស្សក្រីក្រ ការផ្តល់សេវាកសិកម្ម ការលើកលែងការបង់ប្រាក់ភាគទានផ្សេងៗ ការផ្តល់សាច់ប្រាក់ដោយមានលក្ខខណ្ឌដល់ស្តី្រមានផ្ទៃពោះ និងកុមារក្រោម អាយុក្រោម ២ ឆ្នាំ ។ល។
– ទិន្នន័យគ្រួសារក្រីក្រ នឹងត្រូវធ្វើបច្ចុប្បន្នរៀងរាល់ ៣ឆ្នាំម្តង ។
– អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ និងចូលរួមយ៉ាងសកម្មក្នុងការបំពេញបន្ថែមនូវទិន្នន័យគ្រួសារក្រីក្រដែលមាននៅក្នុងទិន្នន័យគ្រួសារក្រីក្រអោយកាន់តែល្អប្រសើរឡើង ។
ជាចុងក្រោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ សង្ឃឹម និង ជឿជាក់ថា បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះហេីយ សិក្ខាកាមទាំងអស់ នឹងអាចយកចំណេះដឹងទាំងនេះទៅផ្សព្វផ្សាយបន្តឲ្យបានកាន់តែទូលំទូលាយ ក៏ដូចជាជួយដល់ គ្រួសារក្រីក្រក្នុងមូលដ្ឋានរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ព្រោះថាបងប្អូនគឺជាអ្នកនៅជិត និង ចុះជាប់ជាមួយបងប្អូនប្រជាពលរដ្ឋក្រីក្រ នៅក្នុងមូលដ្ឋានជាងគេបំផុត។