ជនសង្ស័យម្នាក់លួចកាច់ កម៉ូតូ បានជិត១ខែ ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ស្រាវជ្រាវឃាត់ខ្លួនបានមកវិញ
ភ្នំពេញៈជនសង្ស័យម្នាក់បានធ្វើសកម្មភាមភាព លួចកាច់ កម៉ូតូ ហើយរត់គេចបានរយៈពេលជិត១ខែ ក៍ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ធ្វើការស្រាវជ្រាវឃាត់ខ្លួន បានមកវិញ ។
ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡេីងនៅ វេលាម៉ោង ៥និង៣០ទាបភ្លឺ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ នៅចំនុចមុខផ្ទះអត់លេខ ផ្លូវដួងងៀប ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះញឹម ជាតិ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់ការមិនពិតប្រាកដ ។
តាមសម្តី លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ បានអោយដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើបាន គឺនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២០ គឺមានជនរងគ្រោះម្នាក់ បានមកដាក់ពាក្យបណ្ដឹង ថាមានជនសង្ស័យមួយក្រុម បានធ្វើសកម្មភាព កាច់ កម៉ូតូ ម៉ាក ZOMER X ទៅបាត់ហើយ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះហើយ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ បានធ្វើការស្រាវជ្រាវ និងឆែកមើលកាម៉ារ៉ា សុវត្ថិភាព រហូតមកដល់ យប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍បានល្បាតក្នុងមូលដ្ឋាន ក៍ប្រទះឃើញ បុរសជាជនសង្ស័យ ដែលភិនភាគ ដូចក្នុង រូបកាម៉ារ៉ា សុវត្ថិភាព ដែលកំពុងដើរតាម បណ្ដោយផ្លូវដួងងៀប ទេីបសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន យកមកធ្វើការ សាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣តែម្តង ។
នៅពេលដែល សមត្ថកិច្ចធ្វើការសាកសួរ ជនសង្ស័យ បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព កាច់កម៉ូតូ របស់ជនរងគ្រោះ កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២០ ពិតប្រាកដមែន ។
បន្ទាប់ពីសាកសួររួច ជនសង្ស័យត្រូវបានសមត្ថកិច្ច កសាងសុំណុំរឿងបញ្ជូនខ្លួនទៅ អធិការនគរបាលខណ្ឌមានជ័យ ដេីម្បីចាត់ការបន្តតាមនិតិវិធីជាបន្តទៀត ។