សម្តេច ហ៊ុន សែន លើកឡើងពីមូលហេតុក្រសួងសុខាភិបាលតែងតែចាញ់ក្តីអ្នកលក់ឱសថក្លែងក្លាយ
កង្វះកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ បានធ្វើឲ្យឈ្មួញមួយចំនួន មានផលចំណេញលើផ្លូវច្បាប់។សម្តេច ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ នាពិធីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់លើកដំបូងស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា នាព្រឹកថ្ងៃចន្ទ ទី៥ ខែវិច្ឆិកា។
សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា កន្លងមក ក្រសួងសុខាភិបាលតែងតែចាញ់ក្តីអ្នកលក់ឱសថក្លែងក្លាយ ដោយសារតែតុលាការផ្អែកលើភាពស្របច្បាប់របស់ម្ចាស់អាជីវកម្មទាំងនោះ។ «តុលាការប្រកាសថា អ្នកលក់ទាំងនោះមានភាពស្របច្បាប់ ពីព្រោះខាងពន្ធដារ ខាងហិរញ្ញវត្ថុរបស់យើង យកពន្ធពីគេ»។
សម្តេចបានស្នើឲ្យស្ថាប័នរដ្ឋ ក៏ដូចជាស្ថាប័ននានាថ្នាក់ដំបន់ពង្រឹងកិច្ចសហប្រតិបត្តិការគ្នា ក្នុងការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព។ ទាក់ទងនឹងករណីនេះ កម្ពុជាបានបង្កើតគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយដែលមាន១៤ស្ថាប័នចូលរួម៕