ឆេះផ្ទះលក់គ្រឿងសំណង់អស់ទាំងស្រុង នៅឃុំស្រែណូយ ដែលមានទំហំទឹកប្រាក់ប្រមាណជាង៥ម៉ឺនដុល្លារ
សៀមរាប៖ សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះលក់គ្រឿងសំណង់មួយខ្នងធ្វើអំពីឈើប្រក់ស័ង្កសី ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ដែលមានទំហំទឹកប្រាក់ប្រមាណជាង៥ម៉ឺនដុល្លារ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០៨និង១២នាទីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះរងគ្រោះមានទំហំ៨ម៉ែត្រគុណ១២ម៉ែត្រធ្វើអំពីឈើប្រក់ស័ង្កសីដែលមានម្ចាស់ផ្ទះឈ្មោះសូ សារិន ភេទប្រុស អាយុ៤០ឆ្នាំ និងមានប្រពន្ធឈ្មោះ ភឿន សុភាន់ ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
នគរបាលបន្តថា មូលហេតុដែលឆេះតាមការបញ្ជាក់ពីម្ចាស់ផ្ទះមកពីទុស្សេខ្សែភ្លើង។ ក្នុងនោះទ្រព្យសម្បត្តិដែលខូចខាតរួមមាន គ្រឿងសំណង់ដែលដាក់លក់សរុបទឹកប្រាក់ជាង៥ម៉ឺនដុល្លារ ឆេះអស់និងប្រាក់ដែលទុកចាយវាយផ្សេងៗ(ដែលមិនដឹងចំនួន) នឹងឯកសារពាក់ពន្ធ័ផ្សេងៗទៀតផងដែរ។
នគរបាលបន្ថែមថា ប្រតិបត្តិការជួយពន្លត់នេះដែរ មានកម្លាំងប្រជាការពារភូមិ នគរបាលប៉ុស្តិ៍ស្រែណូយ កម្លាំងអធិការស្រុកវ៉ារិន និងកម្លាងអាវុធហត្ថស្នាក់ការ៦៧២ សហការគ្នាជួយពន្លត់បានដោយជោគជ័យត្រឹមតែរយៈពេលជាង១ម៉ោងតែប៉ុណ្ណោះ។ ក្នុងការពន្លត់នេះប្រើប្រាស់ទឹកសរុប១២ឡាន ក្នុងនោះឡានទឹកនគរបាលចំនួន២ឡាន និងឡានដឹកទឹកលក់ចំនួន១០ឡាន។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងនៅជួយរៀបចំសម្ភារនិងជួយយាមផ្ទះជនរងគ្រោះក្រែងមានហេតុការណ៍អ្វីផ្សេងកើតឡើងទៀត៕