ជនជាតិចិនលក់តៅហ៊ូម្នាក់បានស្លាប់ដោយសារចោរឆក់កាបូប២នាក់ ជិះម៉ូតូលឿនរត់គេចពីសមត្ថកិច្ច

ភ្នំពេញ៖​ ចោរឆក់កាបូប២នាក់ ជិះម៉ូតូលឿនរត់គេចពីសមត្ថកិច្ចជ្រុលទៅបុកម៉ូតូជនជាតិចិនលក់តៅហ៊ូម្នាក់ស្លាប់ចំណែកចោរឆក់ដួលរងរបួសធ្ងន់ស្រាលទាំង២នាក់។

ហេតុការណ៍បង្ករការភ្ញាក់ផ្អើលនៅវេលាម៉ោង០៦និង៣០នាទីព្រឹកថ្ងៃអាទិត្យទី១០ខែឧសភាឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវលេខ១៨២កែងនឹងផ្លូវលេខ២២៣ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូទី១ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មិនទាន់ស្គាល់អត្តសញ្ញាណនោះទេគ្រាន់តែដឹងថា​ ជាជន​ជាតិចិន​ បើកម៉ូតូម៉ាកហុងដាគុប ពណ៌ទឹកប៊ិច ពាក់​ស្លាកលេខភ្នំពេញ1HN-1339 ជាអ្នកលក់តៅហ៊ូ​
ចំណែកឯភាគីម្ខាងទៀតមានគ្នា២នាក់បើកម៉ូតូម៉ាក​ហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០២០ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1ID-9154 រងរបួស​ធ្ងន់ម្នាក់ និងម្នាក់ទៀតរបួសស្រាល ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញជនជាតិចិនម្នាក់បើកម៉ូតូ​ ដឹកតៅហ៊ូ តាមបណ្ដោយផ្លូវលេខ២២៣ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូជាច្រើនគ្រឿងបានបើកដេញគ្នា ប្រសេចប្រសាចពេញផ្លូវ បានជ្រុលមកបុកម៉ូតូជនរងគ្រោះពេញទំហឹងបណ្ដាលឱ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកអ្នកបើកម៉ូតូបុកជនរងគ្រោះរបួសធ្ងន់ម្នាក់ត្រូវបាន​រថយន្តសង្គ្រោះដឹកយកទៅព្យាបាល រីឯអ្នករបួសស្រាលបានរត់គេចខ្លួនបាត់​ស្រមោល
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់ហើយត្រួតពិនិត្យសពរួចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកឯម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅស្នងការដ្ឋានរាជធានីភ្នំពេញ៕