នកប្រកបអាជីវកម្មខ្នាតតូច និងមធ្យមនាខេត្តព្រះសីហនុ ព្រួយបារម្ភខ្លាចបាត់បង់មុខរបរ បន្ទាប់ពីមានជនជាតិចិនច្រើនសន្ធឹកសន្ធាប់បានចូលមករស់នៅក្នុងខេត្តនេះ និងប្រកបមុខរបរតាមទំនើងចិត្តពួកគេ
ខេត្តព្រះសីហនុ ប្រជាពលរដ្ឋ ឬក្រុមអាជីវករមានរបរខ្នាតតូច និងមធ្យមប្រចាំខេត្តព្រះសីហនុ បានប្រមូលផ្តុំគ្នាលើកពីកង្វល់ពីការបាត់បង់មុខរបរប្រចាំថ្ងៃ របស់ពួកគាត់ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យជនជាតិចិន ចូលមករស់នៅនិងប្រកបមុខរបរផ្សេងៗ នាទីប្រជុំជនក្នុងក្រុងព្រះសីហនុ តាមទំនើងចិត្តពួកគេ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
បញ្ហានេះ ក្រមអាជីវករខ្មែរបានត្អូញត្អែរ និងបានលើកជាសំណូមពរឲ្យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយដោះស្រាយកង្វល់ជូនពួកគាត់ដោយអនុគ្រោះឲ្យបានឆាប់ផង។
ប្រជាពលរដ្ឋ ឬក្រុមអាជីវករមានមុខរបរខ្នាតតូច និងមធ្យមនាខេត្តព្រះសីហនុ បានឲ្យដឹងថា បច្ចុប្បន្ននេះពួកគាត់កំពុងជួបផលវិបាក នៃការរកប្រកាក់ចំណូលប្រចាំថ្ងៃ និងបាត់បង់មុខរបរ បន្ទាប់ពីមូលដ្ឋានខេត្តទេសចរណ៍មួយនេះ ត្រូវរដ្ឋាភិបាលអនុញ្ញាតឲ្យជនជាតិចិន ចូលមករស់នៅ និងបង្កើតមុខរបរទាំងតូចទាំងធំ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះរួចមក។
ថ្លែងនៅក្នុងសិក្ខាសាលា ដែលរៀបចំឡើងដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមសាខាខេត្តព្រះសីហនុ កាលពីចុងខែតុលា ឆ្នាំ២០១៨ តំណាងម្ចាស់សហគ្រាសខ្នាតតូច និងមធ្យមមានចំនួនជិត ៥០អាជីវកម្ម ពួកគេបានសំណូមពរដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ឲ្យពិចារណា ឬត្រូវកំណត់មុខរបរឲ្យជនជាតិចិនទាំងនោះ ឲ្យបានច្បាស់លាស់ ព្រោះថា រាល់ថ្ងៃនេះ ចិនបានមកដណ្តើមមុខរបរ របស់ប្រជាពលរដ្ឋខ្មែរស្ទើរតែទាំងស្រុងនាក្រុងព្រះសីហនុ ដោយគ្មានការហាមឃាត់ពីអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុនោះទេ។
នៅក្នុងសិក្ខាសាលានោះ តំណាងអាជីវករខ្នាតតូច និងមធ្យមខេត្តព្រះសីហនុ បង្ហាញកង្វល់ថា មុខរបរទាំងតូច និងមធ្យម ដែលពលរដ្ឋរស់នៅក្រុងព្រះសីហនុ ធ្លាប់បើកធ្វើអាជីវកម្មរកប្រាក់ចំណូលប្រចាំថ្ងៃនាពេលកន្លងមក មានដូចជា៖ បើកហាងម៉ាស្សា អ៊ុតសក់ លក់បន្លែត្រីសាច់ នំចំណី ភោជនីយដ្ឋាន និងមុខរបរផ្សេងៗមួយចំនួនទៀត ត្រូវជនជាតិចិនបានមកដណ្តើមស្ទើរទាំងស្រុង ហើយអាជីវករខ្មែរត្រូវបង្ខំបិទអាជីវកម្មរបស់ខ្លួន ព្រោះគ្មានអតិថិជន និងតម្លៃជួលទីតាំងថ្លៃខ្ពស់កប់ពពក។
ទាក់ទិនបញ្ហានេះ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមសាខាខេត្តព្រះសីហនុ គឺលោកឧកញ៉ា វណ្ណ សុខហេង បានឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែតុលា នាសណ្ឋាគារឆ្នេរថ្មីខេត្តព្រះសីហនុ បានរៀបចំសិក្ខាសាលាមួយ ដើម្បីប្រមូលបញ្ហាប្រឈម របស់ក្រុមអាជីវករ ឬតំណាងសហគ្រាសធុនតូច និងមធ្យម ដែលរងផលប៉ះពាល់ ក្រោយពេលវត្តមានជនជាតិចិន បានចូលមករស់នៅ និងប្រកបមុខរបរច្រើនសន្ធឹកសន្ទាប់នាខេត្តព្រះសីហនុប៉ុន្មានឆ្នាំមកនេះ។
លោកឧកញ៉ា វណ្ណ សុខហេង បន្តថា តាមកកង្វល់របស់ក្រុមអាជីវករបើកធ្វើអាជីវកម្មខ្នាតតូច និងធម្យមភាគច្រើន នាខេត្តព្រះសីហនុ គឺកំពុងប្រឈមការបិទទ្វារ ដោយសារគ្មានអតិថិជន និងបានខាតថវិកាចំណាយថ្លៃបើកធ្វើមុខរបរ។
លោកថា តាមរយៈសិក្ខាសាលា ដែលមានវត្តមានតំណាងសហគ្រាសធុនតូចនិងមធ្យមប្រមាណជិត៥០អាជីវកម្ម កាលពីចុងខែតុលា គឺបានផ្តល់ឱកាសដល់ក្រុមអាជីវករទាំងនោះ បានឡើងសម្តែងមតិ និងបង្ហាញកង្វល់ ដើម្បីឈានទៅប្រមូលយកនូវរាល់បញ្ហាប្រឈម និងសំណូមពរ របស់ម្ចាស់អាជីវកម្ម ដែលរងផលប៉ះពាល់ ក្រោមពេលមានវត្តមានជនជាតិចិន ចូលមកបង្កើតមុខរបនាខេត្តព្រះសីហនុ ដើម្បីចងក្រងដាក់ជូនប្រមុខដឹកនាំរាជរដ្ឋាភិបាលពិចារណា និងជួយរកដំណោះស្រាយ។
ឆ្លើយតបបញ្ហានេះ លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ ដែលបានចូលរួមក្នុងសិក្ខាសាលាខាងលើនេះដែរ បានឲ្យដឹងថា កង្វល់ របស់តំណាងសហគ្រាសធុនតូច និងមធ្យម ដែលបានលើកឡើង លោកនឹងនាំយកសំណើរ ឬកង្វល់ទាំងនោះ ដើម្បីដាក់ជូនថ្នាក់ដឹកនាំថ្នាក់លើ ឲ្យជួយរកដំណោះស្រាយ ជូនប្រជាពលរដ្ឋនាថ្ងៃខាងមុខ។
លោក ផៃ ប៊ុនវណ្ណៈ បានអះអាងថា កង្វល់របស់អាជីវករជនជាតិខ្មែររស់ក្រុងខេត្តព្រះសីហនុ គឺអាជ្ញាធរ មិនបានព្រងើយកន្តើយនោះទេ ដោយកន្លងមកថ្នាក់ដឹកនាំរដ្ឋបាលខេត្តនេះ បានជួបប្រជុំពិនិត្យលើកង្វល់ពីការបាត់បង់មុខរបរនេះជាបន្តបន្ទាប់ ដើម្បីស្វែងរកគន្លឹះដោះស្រាយបញ្ចប់បញ្ហា។
លោកទទួលស្គាល់ថា ជនជាតិចិន ពិតជាបានមកបង្កើតមុខរបរមួយចំនួន ដែលអាចប៉ះពាល់ដល់មុខរបរ របស់ប្រជាពលរដ្ឋ រស់នៅក្រុងព្រះសីហនុពិតមែន។
អភិបាលរងខេត្តព្រះសីហនុ លោក ផៃ ប៊ុនវណ្ណៈ បានឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា កន្លងមកមានអ្នកវិនិយោគទុន ឬអាជីវករជនជាតិចិន បានមកទាក់ទងរូបលោក ដើម្បីស្នើសុំនាំចូលបន្លែពីប្រទេសចិន ដោយផ្ទាល់ចូលមកខេត្តព្រះសីហនុ ប៉ុន្តែលោកមិនបានអនុញ្ញាតឲ្យទេ ព្រោះមិនចង់ឲ្យប៉ះពាល់ដល់មុខរបរ របស់ប្រជាពលរដ្ឋ ឬអាជីវកររស់នៅខេត្តព្រះសីហនុ។
ទោះជាបែបនេះក្តី លោកឧកញ៉ា តែ តាំងប៉ ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានអះអាងនៅចំពោះមុខក្រុមអាជីវករ ក្នុងសិក្ខាសាលាដែរថា នឹងលើកយកកង្វល់ និងសំណូមពរ របស់តំណាងសហគ្រាសធុនតូច និងមធ្យមនាខេត្តព្រះសីហនុ ដែលបានលើកឡើងពីកង្វល់ផ្សេងៗ ដើម្បីដាក់ជូនប្រមុខដឹកនាំរាជរដ្ឋាភិបាល ពិនិត្យពិចារណា ឈានទៅរកដំណោះស្រាយជូនប្រជាពលរដ្ឋ នាថ្ងៃខាងមុខ។ ប៉ុន្តែលោកថា ចំពោះលទ្ធផលទទួលបានកំរិតណានោះ គឺរូបលោកមិនហ៊ានសន្យាទេ ដោយស្នើសុំពេលវេលា ដើម្បីធ្វើកិច្ចការងារនេះទៅតាមការជាក់ស្តែង។
ថ្លែងក្នុងសិក្ខាសាលាកាលពីថ្ងៃទី៣១ ខែតុលា លោកឧកញ៉ា តែ តាំងប៉ ក៏បានទទួលស្គាល់ថា ម្ចាស់សហគ្រាសធុនតូច និងមធ្យម ខេត្តព្រះសីហនុពិតជាកំពុងទទួលរងផលប៉ះពាល់ ពីវត្តមានជនជាតិចិន និងអ្នកវិនិយោគទុនជនជាតិចិន ដែលហូរចូលយ៉ាងគំហុក មករស់នៅ និងបង្កើតមុខរបរនាខេត្តព្រះសីហនុប្រាកដមែន។ លោកឧកញ៉ាបន្តថា លំហូរចូលនៃជនជាតិចិនចូលមកខេត្តព្រះសីហនុ និងបង្កើតមុខរបរតាមទំនើងចិត្ត របស់ពួកគេ គឺពិតជានាំឲ្យប៉ះពាល់ដល់មុខរបរ និងការរកប្រាក់ចំណូលប្រចាំថ្ងៃ របស់អាជីវករខ្មែរមានរបរខ្នាតតូច និងមធ្យមប្រាកដមែន។
លោកថា ផ្តើមពីបញ្ហានេះ ទើបក្រុមការងាករលោកបានបង្កើតឲ្យមានជាសិក្ខាសាលាជួបជុំក្រុមអាជីវករខាងលើនេះឡើង ប្រយោជន៍ប្រមូលយកនូវកង្វល់ និងសំណូមពរ ពីផលប៉ះពាល់ការធ្វើមុខរបរនេះ ដើម្បីត្រៀមដាក់ជូនថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយមានវិធានការដោះស្រាយកង្វល់ របស់ក្រុមអាជីវករខេត្តព្រះសីហនុឲ្យបានប្រសើរឡើងវិញ។
បន្ថែមលើនេះ ក្រុមអាជីវករមានរបរខ្នាតតូច និងមធ្យមភាគច្រើននាខេត្តព្រះសីហនុភាគច្រើន បានសំណូមពរដល់ ប្រមុខដឹកនាំរាជរដ្ឋាភិបាល ត្រូវដាក់ចេញនូវវិធានការជាបន្ទាន់មួយ ចំពោះវត្តមានជនជាតិចិន ដែលចូលមករស់ និងបង្កើតមុខរបរតាមទំនើងចិត្តពួកគេ នាទីប្រជុំជនក្រុងខេត្តព្រះសីហនុ ហើយបានដណ្តើមុខរបររបស់ពួកគាត់ ឲ្យបានឆាប់ដោយអនុគ្រោះផង៕