ផ្អើលទាំងព្រឹក! ជនត្រូវចោទ២នាក់លោតចុះពីលើឡានប៉ូលិសទាំងដៃជាប់ខ្នោះ ពេលដឹកបញ្ជូនទៅពន្ធនាគារព្រៃស ហើយរត់ចូលមាត់ប្រឡាយ ក្រោមស្ពានអាកាសស្ទឹងមានជ័យ ចាប់មកវិញបានម្នាក់
រាជធានីភ្នំពេញ ៖ សេចក្ដីរាយការណ៍បឋមបានអោយដឹងថា ជនត្រូវចោទ២នាក់ បានលោតចុះពីលើឡានប៉ូលិសខណ្ឌ៧មករា ទាំងដៃជាប់ខ្នោះ ខណៈពេលដឹកបញ្ជូនទៅពន្ធនាគារព្រៃស ហើយរត់ចូលទៅមាត់ប្រឡាយ ក្រោមស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ព្រំប្រទល់សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដែលកំពុងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនិងអ្នកដំណើរឆ្លងកាត់នោះចោមរោមយ៉ាងច្រេីន ។ខណៈពេលនេះសមត្ថកិច្ចនគរបាលខណ្ឌ៧មករា សហការជាមួយកម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យទី១ ស្ទឹងមានជ័យទី២ និងកម្លាំងអធិការដ្ឋានខណ្ឌមានជ័យ កំពុងឡោមព័ទ្ធរុករកទាំងព្រឹកព្រលឹម ថ្ងៃទី០៣ ខែឧសភាឆ្នាំ២០២០នេះ។ ក្រោយមកកម្លាំងសមត្ថកិច្ចបានរុករកឃើញជនត្រូវចោទម្នាក់វិញហើយ ទាំងដៃជាប់ខ្នោះ រួចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាវិញ ដើម្បីរងចាំធ្វើការបន្ត។