ពលរដ្ឋនៅតែបន្តរងគ្រោះព្រោះក្រុមហ៊ុន ផានអ៊ីម៉ិច ធ្វើប្លង់គ្របយកដីទៅលក់ទាំងបំពាន និង មិនព្រមផ្តល់សំណងសមរម្យ

(ភ្នំពេញ)៖ រហូតមកដល់ពេលនេះ ករណីរំលោភបំពានកម្មសិទ្ធិ និងធ្វើប្លង់គ្របយកដីរបស់ប្រជាពលរដ្ឋទៅលក់ឲ្យក្រុមហ៊ុនសាងសង់បុរី ពីសំណាក់ក្រុមហ៊ុន ផាន អ៊ីម៉ិច នៅក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅតែបន្តអូសបន្លាយ ខណៈដែលភាគីម្ចាស់ដីនៅពុំទាន់បានសំណងសមស្របណាមួយ។

ពលរដ្ឋជាម្ចាស់ដី ឈ្មោះ គង់ វិចិត្រ និងឈ្មោះ ចាន់ ស្រីយ៉ា បានអះអាងថា រហូតមកដល់ពេលនេះ ដីរបស់ពួកគាត់មានទំហំ ៥,៣៩០.៤៩ម៉ែត្រការ៉េ ស្ថិតនៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ត្រូវបាន លោកស្រីឧកញ៉ា ស៊ុយ សុផាន ម្ចាស់ក្រុមហ៊ុន ផាន អ៊ីម៉ិច ធ្វើប្លង់គ្របយកទៅលក់បន្តឲ្យក្រុមហ៊ុនបុរី ប៉េង ហួត។

ជាមួយគ្នានោះ ភាគីម្ចាស់ដី ក៏បានបញ្ជាក់ថា កន្លងទៅថ្មីៗនេះ លោកស្រី ស៊ុយ សុផាន និងតំណាង ជាច្រើននាក់ បានចចារសំណងថ្លៃដីដែលបានធ្វើប្លង់គ្របនោះ ក្នុងតម្លៃក្រោមទីផ្សារឆ្ងាយពេកដែលពួកគាត់ពុំអាចទទួលយកបានឡើយ។

គួរបញ្ជាក់ថា ករណីវិវាទដីធ្លីនេះ អាជ្ញាធរខណ្ឌច្បារអំពៅ ក៏ធ្លាប់បានកោះហៅភាគីពាក់ព័ន្ធចូលខ្លួនដោះស្រាយដែរ ប៉ុន្តែភាគីរងគ្រោះនៅតែរងគ្រោះ ភាគីអ្នកយកដីនៅតែយកទៅលក់បានតាមតែអំពើចិត្ត ដោយពុំញញើតច្បាប់សូម្បីបន្តិចសោះឡើយ។

យោងតាមកំណត់ហេតុប្រជុំដោះស្រាយករណីបណ្តឹងរបស់ម្ចាស់ដីឈ្មោះ គង់ វិចិត្រ នៅសាលាខណ្ឌច្បារអំពៅ ដែលមានលោក ចេង មុនីរ៉ា អភិបាលខណ្ឌជាប្រធានអង្គប្រជុំ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ភាគីលោក គង់ វិចត្រ បានអះអាងថា ក្រុមហ៊ុនបានបូមខ្សាច់លុបលើដីរបស់ខ្លួន (មានទីតាំង និងទំហំខាងលើ) ដែលបានទិញពីឈ្មោះ យឹម សារុន កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៤ ដោយមានការទទួលស្គាល់ត្រឹមត្រូវពីអាជ្ញាធរ ភូមិ សង្កាត់ និងខណ្ឌ ដូច្នេះភាគីលោកស្នើឲ្យមានការផ្ទៀងផ្ទាត់ទីតាំងដីរបស់លោក និងដីរបស់ក្រុមហ៊ុនរបស់លោកស្រី ឧកញ៉ា ស៊ុយ សុផាន ឡើងវិញ។

ក្រោយមក លោកស្រី ស៊ុយ សុផាន បានធ្វើប័ណ្ណកម្មសិទ្ធិគ្របពីលើដីរបស់ឈ្មោះ គង់ វិចិត្រ និងចាន់ ស្រីយ៉ា នៅអំឡុងឆ្នាំ២០១៨ ដើម្បីយកទៅលក់បន្តឲ្យក្រុមហ៊ុន បុរី ប៉េង ហួត។

ចំណែកភាគីលោក អ៊ឹង សុខហេង ជាតំណាងឲ្យលោកស្រី ឧកញ៉ា ស៊ុយ សុផាន បានលើកឡើងថា នៅឆ្នាំ២០១៨ ឈ្មោះ យឹម សារុន បានលក់ដីនៅភូមិស្វាយតាអុក ទំហំ ៥៧,៥០០ម៉ែត្រការ៉េ ជូនក្រុមហ៊ុន ផាន អ៊ីម៉ិច ទាំងអស់ និងមានកិច្ចសន្យាត្រឹមត្រូវ។

ចំណែកលោក យឹម សារុន បានលើកឡើងក្នុងកិច្ចប្រជុំថា លោកពិតជាបានលក់ដីទំហំ ៥,៣៩០.៤៩ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងបានប្រគល់ការគ្រប់គ្រងដីនេះឲ្យទៅឈ្មោះ គង់ វិចិត្រ និងឈ្មោះ ចាន់ ស្រីយ៉ា តាំងពីឆ្នាំ ២០១៤ យ៉ាងពិតប្រាកដ។

ដោយឡែកលោក លឹម ពី ប្រធានការិយាល័យភូមិបាលខណ្ឌច្បារអំពៅ បានថ្លែងថា តាមការផ្ទៀងផ្ទាត់ប្លង់កម្មសិទ្ធិរបស់ក្រុមហ៊ុន ផាន អ៊ីម៉ិច ឃើញថា បានគ្រប់លើដីរបស់ឈ្មោះ គង់ វិចិត្រ និងឈ្មោះ ចាន់ ស្រីយ៉ា ទាំងស្រុង ហើយការអនុវត្តចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិនេះ គឺធ្វើតាមនីតិវិធី ដោយមានលោកស្រី ឧកញ៉ា ស៊ុយ សុផាន ជាអ្នកចូលរួម និងដើរចង្អុលបង្ហាញទីតាំងព្រំដី និងលោកស្រី ឧកញ៉ា ស៊ុយ សុផាន បានធានាអះអាងទទួលខុសត្រូវចំពោះមុខច្បាប់ប្រសិនបើដីនោះជាន់លើដីរបស់ពលរដ្ឋ៕