ក្រុមចោរប្លន់ប្រដាប់ដោយអាវុធច្នៃចំនួន៤នាក់ដែលបានធ្វើសកម្មភាពភ្ជង់អ្នកលក់ចាបហួយ ប្លន់យកទ្រព្យសម្បត្តិ
សៀមរាប៖ក្រុមចោរប្លន់ប្រដាប់ដោយអាវុធច្នៃចំនួន៤នាក់ដែលបានធ្វើសកម្មភាពភ្ជង់អ្នកលក់ចាបហួយ ប្លន់យកទ្រព្យសម្បត្តិ រួចគេចខ្លួន ត្រូវកម្លាំងនគរបាលស្រាវជ្រាវឃាត់ខ្លួនបាន។ការឃាត់ខ្លួនក្រុមជននេះ ធ្វើឡើងកាលពីថ្ងៃទី២០ខែមេសាឆ្នាំ២០២០ ត្រង់ចំណុចភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងនៅថ្ងៃទី២១នេះថានគរបាលស្រុកជីក្រែងនិងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានស្រាវជ្រាវករណីនេះរហូតបានឃាត់ខ្លួនជនសង្ស័យ៤នាក់។ជនទាំង៤នាក់នេះជាប់ពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់ទោស។ពួកគេបានប្រើប្រាស់អាវុធសាមញ្ញកាលពីវេលាទាបភ្លឺឈានចូលថ្ងៃទី១៩ខែមេសាឆ្នាំ២០២០ត្រង់ចំណុចភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែងខេត្តសៀមរាប។
លោកបន្តថាជនសង្ស័យទាំងនោះ មានឈ្មោះទី៖១.ឈ្មោះ សំ សី ហៅម៉ី ភេទប្រុសអាយុ៥២ឆ្នាំ មុខរបរ ធ្វើស្រែ។ទី២.ឈ្មោះ ឡុនធុង ហៅ ថុង ភេទប្រុសអាយុ១៤ឆ្នាំ មុខរបរសិស្ស។ទី៣.ឈ្មោះ ឡឹង ប៊ឿប ហៅប៊ឿកភេទប្រុសអាយុ២២ឆ្នាំមុខរបរគ្មាន។៤.ឈ្មោះសុតសំអុលភេទប្រុសអាយុ២៥ឆ្នាំមុខរបរកម្មករសំណង់។ជនសង្ស័យទាំង៤នាក់នេះមុនចាប់ខ្លួនរស់នៅភូមិក្របៅឃុំសង្វើយស្រុកជីក្រែងខេត្តសៀមរាប។ការស្រាវជ្រាវរហូតចាប់ខ្លួនក្រុមជននេះគឹយោងតាមបណ្តឹង របស់ជនរងគ្រោះ ឈ្មោះ ទុន បឿត ភេទស្រីអាយុ៥១ ឆ្នាំ មុខរបរលក់ដូរកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០។
តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព ដូចករណីខាងលើនេះពិតប្រាកដមែនដោយឈ្មោះ ឡឹង បឿកបានចំណែក១០០ដុល្លារ, ។ឈ្មោះ សុត សំអុល បានចំណែក១០០ដុល្លារ, ឈ្មោះ ឡុន ធុង ហៅ ថុង បានចំណែក១០០ដុល្លារ,។ចំណែកឈ្មោះ សំ សី ហៅ ម៉ីបានចំណែក២០០ដុល្លារ និងខ្សែក១ខ្សែ។ ប៉ុន្តែឈ្មោះ សំ សី ហៅ ម៉ីឆ្លើយថាខ្សែកនោះ នៅពេលជិះម៉ូតូមកវិញ ខ្លូនបានធ្វើជ្រុះបាត់។
ជាមួយចម្លើយសារភាពសមត្ថកិច្ចបានដកហូតវត្ថុតាងកាំភ្លើងកែច្នៃកាំភ្លើងស្នប់ចំនួន១ដើម,ម៉ូតូជិះធ្វើសកម្មភាពចំនួន២គ្រឿង,ខោអាវប៉ារ៉ា១កំផ្លេ, ជារបស់ឈ្មោះ សំ សី ហៅម៉ីពាក់ធ្វើសកម្មភាព។
ប្រភពបញ្ជាក់ថាករណីនេះកម្លាំងនគរបាលជំនាញកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំងនេះទៅតុលាការខេត្តសៀមរាបនាថ្ងៃទី២១ខែមេសា ដើម្បីចាត់ការតាមផ្លូវច្បាប់៕