លោក ឌី រ័ត្នខេមរុណ អញ្ជើញចុះសួរសុខទុក្ខ និង ផ្តល់អំណោយមនុស្សធម៍ចំនួន ៥គ្រួសារ ដល់ខ្នងផ្ទះប្រជាពលរដ្ឋចាស់ជរាគ្មានទីពឹង និងជួបបញ្ហាជីវភាពខ្វះខាត រស់នៅភូមិចំរើនផល សង្កាត់បឹងទំពន់ ១ ខណ្ឌមានជ័យ ។

👉 នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ តាមខ្នងផ្ទះចំនួន ៥ គ្រួសារ ស្ថិតក្នុងភូមិចំរើនផល និងភូមិចំរើនផល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

👉 នៅក្នុងឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាក សួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែល សម្តេច តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច ពោលគឺ ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជានៅក្បែរបងប្អូនជានិច្ច ។ មិនតែប៉ុណ្ណោះ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទ ក្រហមកម្ពុជា ខណ្ឌមានជ័យ បានបន្ថែមទៀតថា សូមបងប្អូនមេត្តាប្រកាន់ខ្ជាប់នូវសារគន្លឹះសុខភាព ហូបស្អាត អនាម័យស្អាត និងរស់នៅស្អាត ដើម្បីបង្ការជំងឺឆ្លងនានា ជាពិសេស វីរុសថ្មី កូវីដ-១៩ ដែលរាជរដ្ឋាភិបាល និងពិភពលោកកំពុងតែមានការព្រួយបារម្ភជាខ្លាំងលើបញ្ហានេះ ថែមទាំងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ជា កម្មករ-កម្មការនី ទាំងអស់មេត្តាទៅពិនិត្យសុខភាពជាមួយក្រុមគ្រូពេទ្យជំនាញ ឬ មណ្ឌលសុខភាពដែលនៅជិតលោកអ្នក។ យ៉ាងណាមិញ សូមបងប្អូនដែលទើបត្រឡប់មកពីក្រៅប្រទេស ត្រូវនៅដាច់ដោយឡែកពីគេរយៈពេល ១៤ ថ្ងៃ បើនៅក្នុងមន្ទិលសង្ស័យបងប្អូនអាចទំនាក់ទៅលេខ ១១៥ ដោយឥតគិតថ្លៃ និង ត្រូវអនុវត្តតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និង បង្ការទប់ស្កាត់ នៃជំងឺកូវីដ១៩ (Covid-19) កំពុងតែកើតមានទ្បើងនៅក្នុងប្រទេសយើង។
👉 បន្ទាប់មក លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខា ក៏សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ សូមអនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) ដូខាងក្រោម៖
១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុល ជែល ។
២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ។
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ ។
៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ។
៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ។
៦. ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ ។
👉អំណោយដែលទទួលបានពីអនុសាខាខណ្ឌមានជ័យ ក្នុងមួយគ្រួសារៗ រួមមាន ៖
– អង្ករ ១បាវ ៣០គីឡូ, ទឹកស៉ីអ៉ីវ ១យួរ, ទឹកសុទ្ធ ១យួរ, ស្ករស ២គីឡូក្រាម , ម៉ាស់ , ក្រម៉ា , សាប៊ូ រួមទាំងថវិកាចំនួន​ ២០,០០០ រៀល ក្នុងមួយគ្រួសារ ផងដែរ៕