ក្រុមហ៊ុន មហារដ្ឋា ត្រេឌីង នាំយកអំណោយមនុស្សធម៌ទៅជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

(កណ្ដាល)៖ លោក អ៊ុក រដ្ឋា អគ្គនាយក ក្រុមហ៊ុន មហារដ្ឋា ត្រេឌីង និងសហការី នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ បាននាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូន សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល។

អំណោយមនុស្សធម៌ដែលត្រូវប្រគល់ជូននាពេលនោះរួមមាន៖ អង្ករ ចំនួន ១០តោន, ត្រីខកំប៉ុង ចំនួន ៣០កេស និងខ្ទឹមសចំនួន ៦០០គីឡូក្រាម។

លោក អ៊ុក រដ្ឋា អគ្គនាយក ក្រុមហ៊ុន មហារដ្ឋា ត្រេឌីង បានលើកឡើងថា បើទោះជាអំណោយទាំងនេះ មានចំនួនតិចតួចក៏ពិតមែន ប៉ុន្តែវាកើតចេញពីសេចក្តីពេញចិត្តក្នុងការចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងជួយសង្គ្រោះប្រជាពលរដ្ឋក្រីក្រនៅគ្រាដែលប្រទេសជាតិកំពុងជួបវិបត្តិជំងឺឆ្លង Covid-19។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែងដែលបានទទួលនូវអំណោយមនុស្សធម៌ពីក្រុមហ៊ុន មហារដ្ឋា ត្រេឌីង នាពេលនេះ។

ឯកឧត្តម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក និងលោកស្រីជាសប្បុរសជន ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួនដោយទឹកចិត្តជ្រះថ្លា ចំពេលដែលប្រទេសជាតិកំពុងត្រូវការជាចាំបាច់សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីឥទ្ធិពលនៃជំងឺ Covid-19។

ឯកឧត្តម គង់ សោភ័ណ្ឌ សន្យាថា សាខាកាកបាទក្រហមកម្ពុជា នឹងយកអំណោយដ៏សប្បុរសទាំងនេះទៅប្រើប្រាស់ឲ្យចំគោលដៅនៅក្នុងកម្មវិធីប្រយុទ្ធការរីករាលដាល នៃជំងឺ Covid-19 នៅក្នុងខេត្តកណ្តាល ដោយគ្មានការរើសអើងចំពោះពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ និងឲ្យបានស្របតាមគោលការណ៍គ្រឹះទាំង ៧របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ។

ឯកឧត្តម អភិបាលខេត្ត ក៏សូមជូនពរដល់លោក លោកស្រី និងសហការីទាំងអស់ ឲ្យបានប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ (សហការី)