ក្រុមហ៊ុនបុរីប៉េងហួត បូមខ្សាច់លុបដីដែលតុលាការចេញដីការក្សាការពារតាមបណ្តឹងរបស់ពលរដ្ឋ បន្ទាប់ពីក្រុមហ៊ុននេះទិញពីលោកស្រីឧកញ៉ា ស៊ុយ សុផាន
(ភ្នំពេញ)៖ បើទោះជាមានដីការក្សាការពារពីស្ថាប័នតុលាការ ក៏ដោយចុះ ក៏ក្រុមហ៊ុនបុរីប៉េងហួត នៅតែបន្តបូមខ្សាច់ចាក់លុប ដីដែលកំពុងមានទំនាស់ ទំហំ ៥,៣៩០.៤៩ម៉ែត្រការ៉េ រវាងម្ចាស់ដីឈ្មោះ គង់ វិចិត្រ និងឈ្មោះ ចាន់ ស្រីយ៉ា ជាមួយលោកស្រីឧកញ៉ា ស៊ុយ សុផាន ដែលមានទីតាំងស្ថិតនៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
រហូតមកដល់រសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ នេះ ដីទំនាស់ដែលមានទទឹង ៤៥ម៉ែត្រ និងបណ្តោយ ១២០ម៉ែត្រ ត្រូវបានម្ចាស់លោក គង់ វិចិត្រ និងលោក ស្រី ចាន់ ស្រីយ៉ា អះអាងថា ក្រុមហ៊ុនបុរីប៉េងហួត បូមខ្សាច់ចាក់លុបបានជាង ៧០ភាគរយទៅហើយ ដោយពុំគោរព និង អនុវត្តដីការក្សាការពាររបស់ស្ថាប័នតុលាការនោះទេ។
យោងតាមដីកា ចាត់ចែងជាបណ្ដោះអាសន្ន ចុះថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២០ របស់លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចហាមឃាត់ភាគីក្រុមហ៊ុន ប៉េងហួត និងបក្ខពួកផ្អាក ការចាក់ដី ឈូសឆាយដី សាងសង់សំណង់ ផ្សេងៗនៅលើដី មិនឲ្យលក់ដូរ ជួល បញ្ចាំ ដាក់ហ៊ីប៉ូតែក ផ្ទេរកម្មសិទ្ធិ ធ្វើអំណោយ និងធ្វើសកម្មភាពគ្រប់យ៉ាងជាបណ្ដោះអាសន្នលើដីទំហំ ទំហំ ៥,៣៩០.៤៩ម៉ែត្រ ការ៉េ មានទីតាំងស្ថិតនៅភូមិស្វាយតាអុក សង្កាត់វាល ស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ការចេញដីការក្សាការពារដីខាងលើនេះ បានធ្វើឡើងបន្ទាប់ពីភាគីម្ចាស់ដីឈ្មោះ គង់ វិចិត្រ និងលោកស្រី ចាន់ ស្រីយ៉ា បានដាក់ពាក្យស្នើសុំ និងកំពុងប្តឹងតវ៉ាចំពោះការលួចលក់ដីរបស់ពួកគេនៅអាជ្ញាធរមូលដ្ឋាន ដែលមានក្រុមហ៊ុនរបស់លោកស្រី ឧកញ៉ា ស៊ុយ សុផាន បានធ្វើប្លង់គ្រប់យកដីនោះទៅលក់បន្តឲ្យក្រុម ហ៊ុន បុរីប៉េងហួត ។
យោងតាមកំណត់ហេតុប្រជុំដោះស្រាយករណីបណ្តឹងរបស់ម្ចាស់ដីឈ្មោះ គង់ វិចិត្រ នៅសាលាខណ្ឌច្បារអំពៅ ដែលមានលោក ចេង មុនីរ៉ា អភិបាល ខណ្ឌជាប្រធានអង្គប្រជុំ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ភាគីលោក គង់ វិចត្រ បានអះអាងថា ក្រុមហ៊ុនបានបូមខ្សាច់លុបលើដីរបស់ខ្លួន (មានទីតាំង និងទំហំខាងលើ) ដែលបានទិញពីឈ្មោះ យឹម សារុន កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៤ ដោយមានការទទួលស្គាល់ត្រឹមត្រូវពីអាជ្ញាធរ ភូមិ សង្កាត់ និងខណ្ឌ ដូច្នេះភាគីលោកស្នើឲ្យមានការផ្ទៀងផ្ទាត់ទីតាំងដីរបស់លោក និងដីរបស់ក្រុមហ៊ុនរបស់លោកស្រី ឧកញ៉ា ស៊ុយ សុផាន ឡើងវិញ។
ចំណែកភាគីលោក អ៊ឹង សុខហេង ជាតំណាងឲ្យលោកស្រី ឧកញ៉ា ស៊ុយ សុផាន បានលើកឡើងថា នៅឆ្នាំ២០១៨ ឈ្មោះ យឹម សារុន បានលក់ដីនៅភូមិស្វាយតាអុក ទំហំ ៥៧,៥០០ម៉ែត្រការ៉េ ជូនក្រុមហ៊ុន ផាន អ៊ីម៉ិច ទាំងអស់ និងមានកិច្ចសន្យាត្រឹមត្រូវ។
ចំណែកលោក យឹម សារុន បានលើកឡើងក្នុងកិច្ចប្រជុំថា លោកពិតជាបានលក់ដីទំហំ ៥,៣៩០. ៤៩ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឲ្យទៅឈ្មោះ គង់ វិចិត្រ និងឈ្មោះ ចាន់ ស្រីយ៉ា យ៉ាងពិតប្រាកដ។
ដោយឡែកលោក លឹម ពី ប្រធានការិយាល័យភូមិ បាលខណ្ឌច្បារអំពៅ បានថ្លែងថា តាមការផ្ទៀងផ្ទាត់ប្លង់កម្មសិទ្ធិរបស់ក្រុមហ៊ុន ផាន អ៊ីម៉ិច ឃើញថា បានគ្រប់លើដីរបស់ឈ្មោះ គង់ វិចិត្រ និងឈ្មោះ ចាន់ ស្រីយ៉ា ទាំងស្រុង ហើយការអនុវត្តចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិនេះ គឺធ្វើតាមនីតិវិធី ដោយមានលោកស្រី ឧកញ៉ា ស៊ុយ សុផាន ជាអ្នកចូលរួម និងដើរចង្អុល បង្ហាញទីតាំងព្រំដី និងលោកស្រី ឧកញ៉ា ស៊ុយ សុផាន បានធានាអះអាងទទួលខុសត្រូវចំពោះមុខច្បាប់ប្រសិនបើដីនោះជាន់លើដីរបស់ពលរដ្ឋ ។
គួរបញ្ជាក់ថា សំណុំរឿងដីធ្លីមួយនេះ កំពុងតតាំងគ្នា តាមផ្លូវតុលាការ នៅឡើយខណៈដែលភាគីជនរង គ្រោះជាម្ចាស់ដីចេះតែដើរប្តឹងទប់ស្កាត់ ចំណែកភាគីទិញ និងយកដីនោះទៅលក់ ចេះតែបន្តបំពានដីការបស់តុលាការដែលបានចេញជាធរមានរួចហើយ៕ ដោយ ៖ សហការី