ក្រសួងសុខាភិបាលសម្រេចអោយបិទសាលា CIS សាខាកោះពេជ្រ ក្រោយរកឃេីញបុរសជនជាតិកាណាដាជាគ្រូបង្រៀនមានផ្ទុកCovid-19
នៅព្រឹកថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០២០ នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងអោយដឹងថា ពាក់ព័ន្ធនឹងបុរសជនជាតិកាណាដា ដែលធ្វេីការនៅសាលា CIS សាខាកោះពេជ្រ មានឆ្លងជំងឺ កូវីដ ១៩ នោះ ក្រសួងសុខាភិបាល បានស្នេីទៅក្រសួងអប់រំ យុវជន និង កីឡា អោយបិទសាលា CIS សាខាកោះពេជ្រជាបណ្ដោះអាសន្ន ។ ក្រុមគ្រូពេទ្យនឹងចុះទៅសំអាតមេរោគនៅសាលានោះ ។ ចំណែក បុគ្គលិក និងអ្នកពាក់ព័ន្ធ នៅសាលានោះនឹងដាក់អោយស្ថិតនៅក្រោមការតាមដាន ១៤ ថ្ងៃ ។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់បណ្តាញព័ត៌មាន នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ឲ្យដឹងយ៉ាងដូច្នេះថា «សម្រាប់សាលា CIS សាខាកោះពេជ្រ ក្រសួងបានសម្រេចហើយ គឺស្នើសុំទៅក្រសួងអប់រំ យុវជន និងកីឡា ឲ្យធ្វើការបិទបណ្តោះអាសន្ន ហើយត្រូវមានការអនុវត្តន៍នូវការសំអាត ហើយអ្នកគ្រូ លោកគ្រូ ក៏ដូចជាសិស្សានុសិស្សដែលរៀននៅសាលានោះ សូមបន្តតាមដាននូវសុខភាពផ្ទាល់ខ្លួន ក្នុងរយៈពេល១៤ថ្ងៃ ហើយក្រុមការងារ អ្នកស្រាវជ្រាវក្រសួងសុខាភិបាល នឹងធ្វើការងារបន្តទៀត ដើម្បីស្រាវជ្រាវអ្នកប៉ះពាល់ផ្ទាល់ និងប៉ះពាល់ប្រយោល ដើម្បីចាត់វិធានការបន្តទៀត»។
លោកស្រីបានឲ្យដឹងថា បុរសជនជាតិកាណាដា វ័យ៤៩ឆ្នាំ ដែលរកឃើញមាន Covid-19 នោះ បានធ្វើដំណើរមកពីប្រទេសថៃ មកកម្ពុជា នៅល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០។ ក្រោយពីត្រឡប់មកដល់កម្ពុជាវិញ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ គាត់មានអាការៈមិនស្រួលខ្លួន ក៏ទំនាក់ទំនងក្រុមគ្រូពេទ្យពិនិត្យ។ នៅថ្ងៃទី១២ ក្រុមគ្រូពេទ្យបានពិនិត្យ និងយកសំណាកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស័រកម្ពុជា ហើយមកដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ទើបលទ្ធផលបញ្ជាក់ថា បុរសនោះមានផ្ទុកវីរុស Covid-19។
គួររំលឹកផងដែរថា នៅថ្ងៃទី១៣ ខែមីនា នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរយកឃើញ២ករណីថ្មីទៀតវិជ្ជមាននៃវីរុសកូវីដ១៩ នៅរាជធានីភ្នំពេញ ។ ករណី ថ្មីចំនួន២នាក់ទៀត មិនមានពាក់ព័ន្ធនឹងនាវាWiking Cruise Journeyនៅខេត្តកំពង់ចាមទេ គឺរកឃើញវិជ្ជមានវីរុសកូវីដ១៩ ទៅលើបុរសជនជាតិកាណាដាអាយុ៤៩ឆ្នាំ និងបុរសប៊ែលហ្សិកអាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ ដែលលទ្ធផលចេញនៅវេលាម៉ោង១៦ និង០០រសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ ហើយបុរសវិជ្ជមានកូវីដ ១៩ទាំងពីរនាក់នោះ ត្រូវបានយកមកដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ។
ការងារដែលខាងក្រសួង ត្រូវធ្វើបន្តនោះ គឺត្រូវស្រាវជ្រាវរកអ្នកដែលប៉ះពាល់ផ្ទាល់ ឬប្រយោល ជាមួយបុរសជនជាតិកាណាដា និងជនជាតិប៊ែលហ្សិក ទាំងពីរនាក់នោះ ដែលក្រុមការងារក្រសួងសុខាភិបាលកំពុងសកម្មធ្វើការងារនេះ ។