ករណីជនជាតិបរទេស២នាក់ មានកំដៅលើសពី៣៨អង្សា ពេលចូលទៅទស្សនានៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ពេលនេះដឹងលទ្ធផលតេស្តសុខភាពហើយ
លោកស្រី ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ប្រាប់បណ្តាញព័ត៌មានថា មានករណីជាតិអង់គ្លេសម្នាក់ និងជនជាតិចិនម្នាក់ ដែលមានកំដៅខ្លួនលើសពី៣៨អង្សា ពេលចូលទៅទស្សនានៅសារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង ។
ជនជាតិអង់គ្លេសអាយុ៣២ឆ្នាំ ដែលជាអ្នកទេសចរ មានកំដៅខ្លួនលើពី៣៨អង្សាហើយចូលទស្សនា នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនោះ គឺគាត់បានរត់គេចក្នុងពេលក្រុមគ្រូពេទ្យយកទៅពិនិត្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតម្តងរួចទៅហើយ ប៉ុន្តែដោយមានកិច្ចសហការជាមួយអាជ្ញាធរ ក្រសួងបានរកឃើញគាត់ជាថ្មីម្តងទៀតនៅខេត្តកំពត ហើយក្រុមគ្រូពេទ្យសុខាភិបាលបានយកគាត់ទៅសម្រាក នៅមន្ទីរពេទ្យបង្អែកខេត្តកំពត និងបានយកសំណាកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
ជាលទ្ធផលទាំង២នាក់ (ជនជាតិអង់គ្លេស និងជនជាតិចិននោះ) អវិជ្ជមានមិនមានវីរុសកូវីដ១៩ទេ ដោយពួកគាត់មិនមានប៉ះពាល់ជាមួយអ្នកមានវីរុសកូវីដ១៩ ពួកគាត់គ្រូវពេទ្យសន្និដ្ឋាន ជាករណីគ្រុនផ្តាសាយធម្មតា ប៉ុន្តែបានណែនាំឲ្យបន្តធ្វើការតាមដានសុខភាពផ្ទាល់ខ្លួន ប្រសិនបើមានបញ្ហាសុខភាពអ្វីនោះ ត្រូវមកជួបគ្រូពេទ្យវិញ និងរាយការណ៍ទៅលេខ១១៥ នេះយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានចេញនៅថ្ងៃទី១៣ ខែមីនា នេះ។