បងប្អូនប្រជាពលរដ្ឋគួរតែមានថ្នាំ ៤ប្រភេទនេះ នៅក្នុងផ្ទះ

រាជធានីភ្នំពេញ ៖ លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានណែនាំបងប្អូនប្រជាពលរដ្ឋ គួរតែមានថ្នាំ៤ប្រភេទដែលគួរត្រៀមទុកក្នុងផ្ទះជាប្រចាំ ជៀសវាងពេលយប់ជួបប្រទះជំងឺទាំងអស់នោះ ដែលអាចនឹងបង្កឱ្យមានផលលំបាកយ៉ាងខ្លាំងដល់សមាជិកក្នុងគ្រួសារ។

នៅក្នុងគេហទំព័រហ្វេសប៊ុក MJQ University Press ដែលជាគេហទំព័រហ្វេសប៊ុកផេករបស់លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានសរសេរប្រាប់ឱ្យដឹងថា៖ “ថ្នាំ៤ប្រភេទដែលគួរត្រៀមទុកក្នុងផ្ទះជាប្រចាំ នៅពេលមានបញ្ហាឈឺថ្កាត់យប់ព្រលប់ តែងកើតមានឡើងដោយមិនអាចចៀសផុត ជាពិសេសគឺជំងឺឈឺចុកចាប់ ណែនទ្រូង ហេវហត់អស់កម្លាំង ឈឺក្បាល វិលមុខ ចុករោយសរសៃ និងរបួសស្នាមជាដើម។

ប្រសិនបើមានបញ្ហាឈឺថ្កាត់នៅពេលយប់ព្រលប់បែបនេះ នឹងបង្កឱ្យមានផលលំបាកយ៉ាងខ្លាំងដល់សមាជិកក្នុងគ្រួសារព្រោះថា ចំពោះអ្នកនៅតាមទីជនបទមួយចំនួនគ្មានគ្រូពេទ្យនៅក្បែរផ្ទះនោះទេ ហើយប្រសិនបើមាន ពេលយើងទៅគោះទ្វារហៅគ្រូពេទ្យ ក៏គ្រូពេទ្យមិនងាយនឹងក្រោកឡើងលក់ថ្នាំឱ្យយើងដែរ។ ដូច្នេះគ្រប់ក្រុមគ្រួសារទាំងអស់ ជាពិសេសគ្រួសារនៅតាមតំបន់ដាច់ស្រយាល គួរតែមានថ្នាំ៤ប្រភេទប្រចាំក្នុងផ្ទះជានិច្ច ដែលថ្នាំទាំងនោះរួមមាន៖

ទី១ ថ្នាំអាស្ពីរីន មានមុខងារជួយកាត់បន្ថយការឈឺចុកចាប់ និងអាការៈណែនដើមទ្រូង។ ថ្នាំនេះ ក្រោយពេលលេបហើយមានប្រសិទ្ធភាពភ្លាមៗ ប៉ុន្តែវានឹងធ្វើឱ្យប៉ះពាល់ដល់ក្រពះ ប្រសិនបើយើងប្រើប្រាស់មិនបានត្រឹមត្រូវ។ នៅស្រុកគេ គេញ៉ាំថ្នាំអាស្ពីរីននេះជាប្រចាំ ព្រោះវាជួយឱ្យឈាមរាវ កាត់បន្ថយការកកស្ទះសរសៃឈាម ឬគាំងបេះដូងជាដើម។

ទី២ ថ្នាំក្រហម គឺមានមុខងារយ៉ាងមានប្រសិទ្ធភាពបំផុតនៅពេលយើងមានរបួសស្នាម ឬដំបៅ ដោយយើងគ្រាន់តែយកវាមកលាបលើមុខរបួស ឬដំបៅ បន្ទាប់មកយកបង់មកបិទពីលើជាការស្រេច។

ទី៣ ថ្នាំ B-Complex ជាប្រភេទថ្នាំម្យ៉ាងដែលសម្បូរទៅដោយវីតាមីន រួមមានវីតាមីន B, B1, B2, B6 និង B12 ដែលអាចជួយដល់សរសៃខួរក្បាលរបស់យើងធ្វើឱ្យយើងមិនសូវហត់ ធ្វើអ្វីក៏មិនសូវអស់កម្លាំង មិនសូវគិតច្រើន ខួរក្បាលត្រជាក់ គេងលក់ស្រួល និងធ្វើឱ្យឈាមយើងដើរស្រួល ម្យ៉ាងក៏ធ្វើឱ្យក្មេងរៀនពូកែ និងឆ្លាតវាងវៃផងដែរ។

ទី៤ ថ្នាំជាតិដែក វាជាប្រភេទថ្នាំដែលមានមុខងារច្រើនយ៉ាង ហើយមិនត្រឹមតែស្រ្តីទេដែលអាចលេបបាន សូម្បីបុរសក៏អាចលេបថ្នាំនេះបានដែរ ត្បិតអីវាជួយឱ្យយើងមានសុខភាពល្អ។ ថ្នាំនេះបើយើងលេបក្នុងមួយថ្ងៃពីរបីគ្រាប់នៅពេលបាយរួច នោះវានឹងធ្វើឱ្យយើងមានសុខភាពល្អ លែងងងឹតមុខ លែងវិល លែងចុកខ្នង លែងចុកចង្កេះ ហើយបើចំពោះបុរសគាត់ធ្វើការមានកម្លាំងជាងមុនលែងរសេះរសោះដៃជើង គេងលក់ស្រួល ខួរក្បាលស្រឡះល្អ ចំណែកស្រីៗមកថ្ងៃខែ (មករដូវ) ក៏ទៀងទាត់ រីឯក្មេងៗក៏រៀនចេះជាងមុនដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយមុននឹងពិសាថ្នាំប្រភេទណាមួយខ្ញុំសូមផ្ដល់ជាយោបល់ថាអ្នកចាំបាច់ត្រូវទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញជាមុនសិន។