នគរបាលចរាចរបញ្ជូនអនុប្រធានការិយាល័យក្រសួងទេសចរណ៍ម្នាក់ទៅតុលាការ ក្រោយបើករថយន្តស្ថានភាពស្រវឹងបុកមន្រ្តីនគរបាល០៤នាក់
ភ្នំពេញ ៖ នគរបាលការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តតាមបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ បានចាប់បញ្ជូនជនសង្ស័យម្នាក់ មានតួនាទីអនុប្រធានការិយាល័យ នៃក្រសួងទេសចរណ៍ទៅតុលាការចាត់ការតាមផ្លូវច្បាប់។
ក្រោយពីបើករថយន្តម៉ាកហាយឡិនឌ័រក្នុងស្ថានភាពស្រវឹងបុកមន្រ្តីនគរបាល០៤នាក់ ក្នុងនោះមានលោកលោកស្រីស្នងការរង០២នាក់និង មន្រ្តីនគរបាល០២នាក់ បណ្តាលឱ្យរងរបួសធ្ងន់និងស្រាលខណៈដែលកម្លាំងនគរបាលបាន និងកំពុងបំពេញភារកិច្ចអនុវត្តពង្រឹងច្បាប់ចរាចរណ៍ ផ្លូវគោក នៅចំណុចបណ្តោយផ្លូវមន្នីវង្ស ខាងមុខវត្តកោះ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១និង០៥នាទីយប់ អធ្រាត្រថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ។
ជនសង្ស័យឈ្មោះ ឆាយ គឹមហួង ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បើកបររថយន្តម៉ាកហាយឡិនឌ័រ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ ២BD ៩៨៦៧ ត្រូវបាននគរបាលចរាចរពិនិត្យជាតិស្រវឹងរកឃើញជាតិអាកុលកម្រិតខ្ពស់០.៧៨មីលីក្រាម ក្នុង១លីត្រខ្យល់។ ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួនពីកម្លាំងនគរបាលភ្លាមៗ ក្រោយពីបើកបង្កហេតុបុករនាំងត្រួតពិនិត្យរបស់សមត្ថកិច្ច និង ជ្រុលបុកមន្រ្តីនគរបាលជាបន្តបន្ទាប់០៤នាក់បណ្តាលឱ្យរងរបួសធ្ងន់០១នាក់ស្រាល០៣នាក់។
ជនរងគ្រោះបន្ទាប់មកត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ។ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេចេញពីផឹកស៊ីជួបជុំមិត្តភក្តិនៅម្តុំផ្សារដេប៉ូ បន្ទាប់ពី ផឹកស៊ីរួចហើយ ក៏បានបើករថយន្តក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ លុះមកដល់ចំណុចខាងលើក៏ជួបនូវហេតុការណ៍នោះតែម្តង។
សូមបញ្ជាក់ថា ជនសង្ស័យប្រសិនតុលាការរកឃើញថា ពិតជាមានកំហុស អាចប្រឈមនិងជាប់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ ពិន័យជាប្រាក់២លាន ទៅ១០លានរៀល អនុវត្តតាមច្បាប់ចរាចរណ៍ផ្លូវគោកមាត្រា៨៣និងអាចត្រូវផ្តន្ទាទោសបន្ថែមមួយឬច្រើនមានចែងក្នុងមាត្រា៥៣ (ប្រភេទទោស បន្ថែម) នៃក្រមព្រហ្មទណ្ឌ។ ត្រង់ចំណុច(ខ)អ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាកុលចាប់ពី០.៤០មីលីក្រាម ក្នុងមួយលីត្រ ខ្យល់ឡើង ត្រូវដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១៥លានរៀល។
ជនរងគ្រោះមន្រ្តីនគរបាលខាងលើ ក្រោយជួបហេតុការណ៍គ្រោះថ្នាក់នៅពេលបំពេញបេសកម្មការងារនោះហើយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ បានអញ្ជើញទៅសាកសួរសុខទុក្ខ និង ពិនិត្យពីស្ថានភាពរបួសជាក់ស្តែង។ ក្នុងចំណោមមន្រ្តីនគរបាលរងគ្រោះក្នុងនោះ មានលោកស្នងការរងម្នាក់ទទួលរងរបួសស្រាល និងមន្រ្តីនគរបាល ០២នាក់រងរបួសធ្ងន់ស្រាល ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត និងនៅគេហដ្ឋាន ស្ថិតនៅបុរីពិភពថ្មី ខណ្ឌប្ញស្សីកែវ ។
ការអញ្ជើញសាកសួរសុខទុក្ខនៅពេលនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានសំណេះសំណាលនិងសំដែងនូវការអាណិតអាសូរ ចំពោះមន្រ្តី ដែលរងគ្រោះក្នុងបេសកម្មការងារពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈឱ្យមានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ ដោយជួបនូវឧបទ្ទវហេតុបណ្តាល ឱ្យរងរបួស និងក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្តជូនដល់អ្នករងរបួសធ្ងន់ម្នាក់២លានរៀល និងអ្នករងរបួសស្រាល២នាក់ក្នុងម្នាក់ៗទទួលបានថវិកា១ លានរៀល។
គួរបញ្ជាក់ថា ជុំវិញការរឹតបន្តឹងចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកកាលពីយប់អធ្រាត្រ ថ្ងៃទី១១ រហូតដល់យប់អធ្រាត្រាឈានចូលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ បើយោងតាមរបាយការណ៍នៃការិយាល័យចរាចរណ៍ឱ្យដឹងថា ប្រតិបត្តិការនោះ ត្រួតពិនិត្យរកឃើញយានយន្តល្មើសច្បាប់ចរាចរណ៍ ផ្លូវគោកសរុប២៦៨គ្រឿង ក្នុងនោះរថយន្ត២៥គ្រឿង ម៉ូតូ២៨៣គ្រឿង និងពិនិត្យរកឃើញអ្នកបើបររថយន្តនិងម៉ូតូមានជាតិស្រវឹង៣៧នាក់ មានកម្រិត ផ្ទុកជាតិអាល់កុលចាប់ពី០.៤០មីលីក្រាម ក្នុងមួយលីត្រខ្យល់ឡើងទៅ។ អ្នកបើកបរគ្មានពាក់មួកសុវត្ថិភាព២១៣គ្រឿង អ្នកបើកបរម៉ូតូគ្មានកញ្ចក់ចំនួន ១៦គ្រឿង។ យាយន្តនិងអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ទាំងនោះ ត្រូវបានបញ្ជូនមកការិយាល័យចរាចរណ៍ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕