ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន៣គ្រាប់ រាយការណ៍ជូននគរបាលប៉ុស្តិ៍
បន្ទាយមានជ័យ ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំភ្នំដី នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក និងមន្ត្រីអង្គភាពហេឡូត្រាសដ៍ បានទទួលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទះចំនួន៣គ្រាប់ ពីប្រជាពលរដ្ឋនៅភូមិកំពីងពួយ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ៖ មានប្រជាពលរដ្ឋចំនួន២នាក់នៅភូមិកំពីងពួយ ឃុំភ្នំដី ស្រុកភ្នំស្រុក បានប្រទះឃើញគ្រាប់យុទ្ធមិនទាន់ផ្ទុះដែលនៅសេសសល់ពីសម័យសង្រ្គាម ម្នាក់ឈ្មោះ ជុំ ប៊ុនជាតិ ភេទប្រុស អាយុ៣៨ឆ្នាំ បានរាយការណ៍ថា គាត់បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រភេទ ក្បាលគ្រាប់៦០មម ចំនួន២គ្រាប់ នៅខាងលិចភូមិ និងប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ លាក់ ភេទប្រុស អាយុ៥៩ឆ្នាំ បានប្រទះឃើញគ្រប់បែកដី ប្រភេទ F1 ខណៈពេលគាត់ជីកដីធ្វើរបងផ្ទះ ។
លោកបានបញ្ជាក់ថា ៖ ដើម្បីធានាបាននូវសុវត្ថិភាពដល់ប្រជាពលរដ្ឋ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំដីភ្នំដី បានសហការជាមួយមន្ត្រីនៃអង្គភាពហេឡូត្រាសដ៍ នាំយកគ្រាប់ទាំងនោះទៅធ្វើការបំផ្លាញ ។ជាមួយក្នានោះដែរ លោកអធិការបានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រសិនជាបានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះហាមប៉ះពាល់ ហើយសូមរាយការណ៍មកនគរបាលប៉ុស្តិ៍ដែលនៅជិតមូលដ្ឋានរបស់បងប្អូនឲ្យបានទាន់ពេលវេលា ដើម្បីនគរបាលមានវិធាន ផ្តល់ព័ត៌មានទៅជំនាញស៊ីម៉ាក់ឬហេឡូត្រាសដ៍ យកទៅធ្វើការបំផ្លាញចោល ៕