ចាប់ខ្លួនមកវិញហើយ! ជនសង្ស័យរំលោភកុមារីអាយុ១១ឆ្នាំ ដែលអធិការស្រុកបាភ្នំដោះលែង
ព្រៃវែង ៖ បន្ទាប់ពីបណ្ដាញសង្គមហ្វេសប៊ុក រិះគន់ពាក់ព័ន្ធករណី អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភកុមារីអាយុ១១ឆ្នាំ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញ ជនសង្ស័យត្រូវបានចាប់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តព្រៃវែង ចាត់ការបន្តតាមច្បាប់ ។
គួររំលឹកថា ការដោះលែងជនសង្ស័យខាងលើនេះដោយអធិការស្រុកបាភ្នំ បញ្ជាក់ថា ជនសង្ស័យមិនសារភាព ហេីយជនរងគ្រោះគ្មានភស្តុតាង ។
ពាក់ព័ន្ធនឹងបញ្ហានេះពេទ្យតុលាការរកឃេីញថា កុមារីរងគ្រោះពិតជាដាច់ប្រដាប់ភេទមែន ទោះគ្មានសាក្សី ឬ ជនសង្ស័យមិនសារភាព ក៏សមត្ថកិច្ចអាចឃាត់ខ្លួនជនសង្ស័យបណ្ដោះអាសន្ន ដេីម្បីស្រាវជ្រាវរកការពិត មិនមែនជនសង្ស័យមិនសារភាព ដោះលែងភ្លាមៗនោះទេ ។
កុមារីរងគ្រោះបានអោយដឹងថា កាលពីថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០១៩ ឈ្មោះ ប៊ិន ប៊ន បានហៅនាងទៅជួយទូលស្រូវពូជ លោកយាយនៅឯស្រែក្រោយផ្ទះ ។ពេលទៅដល់ក្រោយផ្ទះអត់ឃេីញ លោកយាយ ឈ្មោះ ប៊ិន ប៊ន ក៏ចាប់កុមារីរងគ្រោះរំលោភតែម្ដងហេីយបានគំរាមមិនអោយនិយាយប្រាប់អ្នកទេ បេីនិយាយខ្លួននឹងសម្លាប់ចោល ។
កុមារីរងគ្រោះបានបន្តថា លុះដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ រឿងរំលោភនេះបានដឹងដល់ឪពុកម្ដាយកុមារីរងគ្រោះ ។ ឪពុកម្ដាយកុមារីរងគ្រោះក៏បាននាំកូនមកដាក់ពាក្យបណ្ដឹងនៅ ប៉ុស្ដិ៍នគរបាលរ័ក្សជ័យ ។
នគរបាលប៉ុស្តិ៍រ័ក្សជ័យក៏បានហៅជនរងគ្រោះមកសាកសួររួចបញ្ជូនទៅ អធិការដ្ឋាននគរបាលស្រុកបាភ្នំ ក្រោយពីនគរបាលស្រុកបាភ្នំសាកសួរជនសង្ស័យបាន៤ ម៉ោង ក៏ដោះលែងជនសង្ស័យទៅវិញ ៕