សម្តេច ប៊ុន រ៉ានី ចុះសួរសុខទុក្ខចាស់ជរា និងកុមារកំព្រានៅខេត្ដកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូអមដំណើរ បានអញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខ និងចែកជំនួយឧបត្ថមជូនប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ដ្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកកើត ឬអ្នកផ្ទុយមេរោគអេដស៍ចំនួន ១,៦៣៦គ្រួសារ មកពី ៧១ភូមិ ១១ឃុំ និងមកពីស្រុកចំនួន៤ នៃខេត្តកំពង់ឆ្នាំង។
ពិធីជួបជុំនេះ រៀបចំនៅភូមិស្រែសាន ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨។
កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនជាប្រធាន លោកតែង តែយកចិត្ដទុកដាក់ និងដោះស្រាយរាល់បញ្ហាប្រឈម របស់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានដោយក្តីមេត្តា ករុណា គិតគូរ និងផ្តល់ក្តីសង្ឃឹម ជំនឿចិត្តដល់ប្រជាជនទូទៅ ដែលជួបការលំបាកដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ នៅទីកន្លែងណាមានទុក្ខលំបាក គឺមានកាក បាទក្រហមកម្ពុជា។
នាឱកាសនោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ និងគណៈប្រតិភូអមដំណើរ​ ក៏បានចែកជូនជំនួយឧបត្ថមមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដោយក្នុងមួយគ្រួសារៗ ទទួលបាន​ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារ៉ុង១ ក្រមា១ អាវយឺត១​ ទឹកសុទ្ធ១ដប និងនំបុ័ង១ដើម។
ជាមួយគ្នានេះ​ គ្រួសារនីមួយៗ​ នៅទទួលបាន ក្រណាត់ស ១ដុំ និងថវិកា១មុឺនរៀលទៀត​ ដែលជាជំនួយឧបត្ថម របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕

មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង