ចោរ៥នាក់តាមកៀរប្លន់យកម៉ូតូពីកម្មការិនីទៅបាត់ទាំងព្រឹក
ភ្នំពេញ៖ចោរប្លន់៥នាក់បានជិះម៉ូតូ២គ្រឿងដេញតាមកៀរប្លន់យកម៉ូតូ១គ្រឿងពីនាងកម្មការិនីម្នាក់បានសម្រេចរួចបានជិះគេចខ្លួនទៅបាត់ដោយសុវត្ថិភាពនិងបានបង្កឲ្យមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៤០នាទីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ នៅតាមផ្លូវលំខាងត្បូងវត្តស្រះស្រង់នៅក្នុងភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ស្រ្តីរងគ្រោះខាងលើនេះមានឈ្មោះធឹម ស្រីនិច អាយុ៣២ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ ជាស្រីមេម៉ាយមានកូន២នាក់ នៅក្នុងបន្ទុកគ្រួសារសព្វថ្ងៃមានទីលំនៅក្នុងភូមិសាឡូង សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។បាត់បង់ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៨ខ្មៅពាក់ស្លាកលេខភ្នំពេញ1GZ-3242 ។
តាមប្រភព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុនាងបានជិះម៉ូតូ១គ្រឿងតែម្នាក់ឯងចេញពីផ្ទះទៅធ្វើការនៅរោងចក្រកាត់ដេរមួយកន្លែងស្ថិតនៅមុខសាលាក្ដីខ្មែរក្រហម តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិត្រពាំងទួល សង្កាត់កំបូល។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុចោរទាំង៥នាក់បានជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច១គ្រឿងនិងម៉ាកហុងដាឌ្រីមសេ១២៥ មួយគ្រឿងដេញតាមពីក្រោយនាង ។
ប្រភពដដែលបានបន្តថា លុះពេលតាមទាន់ក៏បានធ្វើសកម្មភាពកៀរឲ្យដួលរួចច្រាននាងចេញពីម៉ូតូបន្ទាប់មកបានលើកយកម៉ូតូនាងជិះគេចខ្លួនទៅបាត់ដោយសុវត្ថិភាពតែម្ដង ហើយនាងមិនបានដឹងថាក្រុមចោរមានកាំភ្លើងឬអត់នោះទេ ។ប៉ុន្តែពិតជាធ្វើឲ្យនាងមានការភ័យខ្លាចខ្លាំងណាស់ ហើយម៉ូតូនេះគឺនាងបានខ្ចីលុយធនាគាទិញសម្រាប់ជិះទៅធ្វើការកលុយចិញ្ចឹមកូនហើយមិនទាន់ទាំងសងលុយគេរួចនៅឡើយទេ បែរជាពេលនេះត្រូវចោរប្លន់យកទៅបាត់។
ក្រោយពេលកើតហេតុបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំងហើយនគរបាលប៉ុស្តិ៍កំបូលរួមជាមួយកម្លាំងប្រជាការពារភូមិបានចេញទៅអន្តរាគមន៍ពួនស្ទសក់គ្រប់កន្លែងដែរតែចោរនៅតែគេចបាត់ស្រមោល បន្ទាប់មកស្រ្តីរងគ្រោះបានទៅដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍កំបូលដើម្បីឲ្យនគរបាលជួយធ្វើការស្រាវជ្រាវ៕