នគរបាលខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធ ជួញដូរ និង ប្រើប្រាស់គ្រឿងញៀន

​ ភ្នំពេញ ៖ នគរបាលនៃអធិការដ្ឋានខណ្ឌ ដង្កោ បានឃាត់ខ្លួនជនសង្ស័យចំនួន៤ នាក់ ពាក់ព័ន្ធករណី ជួញដូរ និង ប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់រួមដកហូតម៉ូតូ៣គ្រឿង ។

ក្នុងប្រតិបត្តិការនេះដឹកនាំបញ្ជាផ្ទាល់ពី សំណាក់លោកវរសេនីយ៍ឯក​ ជឹម​ សុីថា​ អធិការខណ្ឌដង្កោ កាលពីវេលាម៉ោង ៤រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចស្ថានីយ៍ប្រេងឥន្ធន:តេលា យីហោ ឫស្សីសាញ់ ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។

​នគរបាលបានបញ្ជាក់ថា ជនសង្ស័យចំនួន០៤នាក់ដែលឃាត់ខ្លួន
ទី១/ឈ្មោះ ង៉ាន់ ដែត អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ
ទី២/ឈ្មោះ ឌិន ចាវ ភេទប្រុស អាយុ២៥ឆ្នាំ
ទី៣/ឈ្មោះ អ៊ុំ សុចិត្រា អាយុ២១ឆ្នាំ មុខបរមិនពិតប្រាកដ​
និងទី៤/ឈ្មោះ រ៉េត ថារិន អាយុ២៤ឆ្នាំ ទាំង៤ស្នាក់នៅផ្ទះជួល​ ភូមិតាឡី សង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ ។

នគរបាលបានបញ្ជាក់ទៀតថា ​ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋភ្លាមៗ លោកអធិការខណ្ឌបាន ដឹកនាំកម្លាំងធ្វើការបង្ក្រាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធន:តេលា យីហោឫស្សីសាញ់ ផ្លូវបេតុង៥០ម៉ែត្រ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណី ជួញដូរ និង ប្រើប្រាស់គ្រឿងញៀន​ ដកហូតថ្នាំញៀនចំនួន២​កញ្ចប់ ​សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀន​រួមទាំងម៉ូតូ៣គ្រឿង​ទៀត ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ត្រូវបាននគរបាលយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវិធីច្បាប់ ៕