ដឹងការពិតហើយ ករណីពុលក្តឹបត្រសក់ស្រូវ ស្លាប់ម្នាក់ក្នុងមណ្ឌលបន្សាបសារធាតុញៀន ជីវិតថ្មីភ្នំបាក់

យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា មានយុវជន៣នាក់ដំបូង បានយកត្រសក់ហូបជាមួយអំបិលម្ទេស នៅម៉ោង ១២ថ្ងៃត្រង់ នៅថ្ងៃសៅរ៍ ទី៣០ រហូតដល់ម៉ោង ១០យប់ ទើបមានម្នាក់ចេញរោគសញ្ញា ក្អួត ចង្អោរ រហូត វិលមុខ តែពុំមានអ្នកចាប់អារម្មណ៍អ្វីទេ គិតថា ខ្យល់ចាប់ ។ លុះព្រឹកឡើង ម៉ោង៨ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ដោយយុវជនមានអាការៈ ទន់ដៃជើង ស្រវាំងភ្នែក ថប់ដង្ហើម ម្តាយក៏មកយកទៅព្យាបាល នៅក្រៅ (គ្លីនិកឯកជន) ហើយក៏បានស្លាប់មុនគេនៅម៉ោង ១រសៀល ថ្ងៃទី ០១ ធ្នូ និងអ្នកផ្សេងទៀតបានចេញរោគសញ្ញាច្រើនគ្នា ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី០១ ធ្នូ នេះដែរ ហើយពីរនាក់ដែលហូបជាមួយអ្នកស្លាប់ មានអាការៈធ្ងន់ធ្ង និងបានស្លាប់ម្នាក់ទៀត នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី វេលាម៉ោង ៧យប់ ថ្ងៃ០១ ខែធ្នូ ផងដែរ។

របាយការណ៍របស់មន្ទីរសុខាភិបាល ក៏បានបញ្ជាក់ដែរថា អ្នកមានរោគសញ្ញា ទទួលការព្យាបាលសរុបចំនួន ២៤៦នាក់ (ស្រ្តី ១៧នាក់) ដោយគិតត្រឹមម៉ោង ១០យប់ថ្ងៃទី០១ ខែធ្នូ ដោយឡែកនៅព្រឹកថ្ងៃទី ០២ ខែធ្នូ នេះ ពុំមានអ្នកថ្មីទេ ហើយក្នុងនោះ អ្នកកំពុងព្យាបាលនៅសល់ ៨៥នាក់ នៅក្នុងមណ្ឌលកែប្រែ និង៣៩នាក់នៅមន្ទីរពេទ្យខេត្ត។

ក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យយុវជនបន្សាបសារធាតុញៀនដែលរងការពុលត្រសក់ស្រូវ ក្នុងចំណោម២៤៦នាក់ នៅសល់ ១២៤នាក់ (ស្រី១៦នាក់) ដែលកំពុងនៅបន្តព្យាបាល ក្នុងនោះចំនួន ១៥នាក់នៅមានសភាពធ្ងន់ធ្ងរត្រូវការតាមដានបន្តទៀត៕