សមត្ថកិច្ច​ខេត្តឧត្តរមានជ័យបង្ក្រាបបាន០២ករណី ជួញដូរ ចែកចាយ និងប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន

ឧត្តរមានជ័យ: ថ្ងៃពុធ ១ កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវេលាម៉ោង១២:២០នាទី កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បានសហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាលសង្កាត់អូរស្មាច់ ដឹកនាំដោយលោកព្រះរាជអជ្ញាអមសាលាដំបូងខេត្ត និងលោកស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន ចុះ​បង្ក្រាប​ករណីជួញដូរ ចែកចាយ និងប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ចំនួន ០២ ករណី ស្ថិត​នៅ​ចំណុច​ភូមិអភិវឌ្ឍន៍ និងភូមិភ្នំស្រួច សង្កាត់​អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ រហូតឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យចំនួន ០៤ នាក់ ស្រី០២នាក់ ។
ជនសង្ស័យ​ទាំង០៤ នាក់ មាន​ទី​១-​ឈ្មោះ ដា ស៊ីណា ​ហៅ​ក្អូន ភេទ​ប្រុស អាយុ ៤១ ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុង​សំរោង មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​, ទី​២-​ឈ្មោះ សារឿន ណែត ភេទ​ស្រី អាយុ២០ ឆ្នាំ​ មាន​ទីលំនៅភូមិ​អភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ទី​៣-​ឈ្មោះ ហ៊ុន ឈៀវ ភេទ​ប្រុស អាយុ២០ ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ប្រើប្រាស់​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន និងទី៤- ឈ្មោះ លី សុខណា ភេទស្រី អាយុ ៣១ ឆ្នាំ មានទីលំនៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ(​រក្សា​ទុក ជួញដូរ និង​ប្រើប្រាស់​)។ បន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាលជំនាញ​ធ្វើការ​ឃាត់ខ្លួន​បាន​នៅ​ក្នុង​នោះ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន​(ICE)ចំនួន ០៤ កញ្ចប់ (ធំ ០១ តូច ០៣) ស្មើនឹង​៩៤.៩៩ ក្រាម ទាំង​សំបក​, ថ្នាំ​មេតំហ្វេតាមីន(WY)ចំនួន ៥១២ គ្រាប់​ ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន ០១ គ្រឿង​, ទូរស័ព្ទ​ដៃ​ចំនួន​០១ គ្រឿង អត្តសញ្ញណប័ណ្ណ០១ សន្លឹក និងឧបករណ៍ប្រើប្រាស់មួយចំនួន ។ បច្ចុប្បន្នជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕