បើកម៉ូតូល្បឿនលឿនឡើងស្ពានព្រែកតាមាក់មិនប្រយ័ត្ន បណ្ដាលឱ្យដួលនៅលើស្ពានបោកក្បាលទៅនឹងថ្នល់ស្លាប់

កណ្តាល ៖ បុរសម្នាក់រងគ្រោះដល់ស្លាប់ ខណៈពេលបើកម៉ូតូល្បឿនលឿនឡើងស្ពានព្រែកតាមាក់មិនប្រយ័ត្ន បណ្ដាលឱ្យដួលនៅលើស្ពានបោកក្បាលទៅនឹងថ្នល់ កើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៨ ស្ថិតនៅភូមិកោះរការ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ខាន់ ចិន្ដា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកស៊ូម័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1U- 3381 ។

ប៉ូលិសបន្ដថា ដំបូងជនរងគ្រោះជាអ្នកបើកបរម៉ូតូខាងលើ បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៨ ក្នុងទិសដៅពីលិចទៅកើត ដោយល្បឿនលឿន។ លុះបើកមកដល់ចំណុចកើតហេតុ ត្រង់ចំណុចលើស្ពានព្រែកតាមាក់ត្រើយខាងលិច ម៉ូតូជនរងគ្រោះក៏ដួលដោយខ្លួនឯងធ្វើឱ្យជនរងគ្រោះបោកក្បាលទៅនឹងស្ពានស្លាប់ភ្លាមៗតែម្តង ។

ក្រោយពីមានហេតុមានការណ៍កើតឡើង ប៉ូលិសចរាចរណ៍ស្រុក បានចុះមកធ្វើការពិនិត្យ វាស់វែងកន្លែងកើតហេតុ រួចបញ្ជាក់ថា ជនរងគ្រោះ បើកបរម៉ូតូដោយល្បឿនលឿន មិនប្រយ័ត្ន ទើបបានជាដួលដោយខ្លួនឯង បណ្ដាលឱ្យស្លាប់ ។

បន្ទាប់ពីធ្វើការពិនិត្យចប់ សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕