ពលករខ្មែរធ្វើការបេះផ្លែមៀន ជួបគ្រោះថ្នាក់ចរាចរណ៍ រងរបួសធ្ងន់ស្រាល១៥នាក់ ក្នុងចំណោម​នោះមានកុមារ៣នាក់

ខេត្ត​ស្រះកែវ​ ៖ យ៉ាងហោចណាស់ក៏មាន​ពលករ​ ១៥នាក់​ រងរបួសធ្ងន់ និងស្រាល​ (ក្នុង​នោះមាន​កុមារ​ចំនួន​ ​០៣នាក់​) ដោយរថយន្ត​ដឹក​ពលករ​ខ្មែរ​ ធ្វើ​ការ​បេះផ្លែមៀន ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បុក​គ្នា​ ។

បើយោង​តាម​របាយការណ៍​បឋម​ពី​ភ្នាក់​ងារ​សង្គ្រោះ​វ៉ាងណាមយ៉េន​ ខេត្ត​ស្រះកែវ​ ប្រទេស​ថៃ​ បាន​អោយ​ដឹង​ថា ៖​ កាល​ពី​វេលាម៉ោង​ ០៩និង៤៥នាទី​យប់​ ថ្ងៃ​ទី​២៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ មាន​ករណី​គ្រោះថ្នាក់ចរាចរណ៍​រវាង​រថយន្ត​ដឹក​ពលករខ្មែរ ដែល​ធ្វើ​ការ​បេះផ្លែមៀន និងរថយន្ត​ម៉ាក ​Toyota Hilux​ Revo ពណ៌​ស​ ពាក់​ស្លាក​លេខ​ (កថ​៥៨១៨) ​ខេត្ត​រ៉យអេត​ បានជ្រុល​ចង្កូត​ទៅ​បុក​ជាមួយ​នឹង​រថយន្ត​ម៉ាក​ Isuzu​ ពណ៌​សំបក​ឪឡឹក​ ដែល​កំពុង​ធ្វើ​ដំណើរ​ច្រាសទិសគ្នា​ នៅត្រង់​ចំណុច​ផ្លូវ​ជាតិ​វ៉ាងណាមយ៉េន​-បំបែក​សួនប៉ា​ ស្ថិត​នៅ​ក្នុង​ស្រុក​វ៉ាងណាមយ៉េន​ ខេត្ត​ស្រះកែវ​ ប្រទេស​ថៃ​

ប្រភព​បឋម​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា ៖​ ករណី​នេះ​មាន​ពលករ​ខ្មែរ​រងរបួសធ្ងន់ ស្រាល​​ចំនួន​ ១៥នាក់​ ក្នុង​នោះ​មាន​កុមារ​រង​របួស​ចំនួន​ ០៣នាក់​ផងដែរ​ ។ ក្រោយ​ពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​ភ្នាក់ងារ​សង្គ្រោះ​បញ្ជូន​យក​នៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​វ៉ាងណាមយ៉េន​ ចំនួន​០៦នាក់ ​និង​មន្ទីរពេទ្យ​ខៅឆាក់កាន់​ ចំនួន​ ០៩នាក់​។ យ៉ាងណាចំពោះពលករខ្មែរដែលរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៏នៅមិនទាន់ស្គាល់អត្តសញ្ញាណរស់នៅក្នុងភូមិស្រុកណានោះឡើយ។

បញ្ហានេះលោក ហ៊ុន សារឿន កុងសុលប្រចាំខេត្តស្រះកែវ បានមានប្រសាសន៍តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៥ ខែឆ្នាំដដែល ថាលោកមិនទាន់ហ៊ានបញ្ជាក់នៅឡើយទេ ព្រោះសហការីលោកកំពុងតែធ្វើការ លោកនឹងផ្តល់ជូនព័ត៌មានជាបន្តទៀត ៕