សមត្ថកិច្ចចម្រុះ​ស្រុក​ខ្សាច់កណ្ដាល​បាន​ជួយ​រំដោះ​ជន​វិកលចរិត​ម្នាក់​ ឱ្យ​រួច​ផុតពី​ការ​ចាប់ចង​ឃុំខ្លួន​

កណ្ដាល ​៖​ សមត្ថកិច្ចចម្រុះ​ស្រុក​ខ្សាច់កណ្ដាល​បាន​ជួយ​រំដោះ​ជន​វិកលចរិត​ម្នាក់​ ឱ្យ​រួច​ផុតពី​ការ​ចាប់ចង​ឃុំខ្លួន​កាលពី​​ថ្ងៃទី​២៣ ​ខែវិច្ឆិកា​ ឆ្នាំ២០១៩ នៅ​ចំណុច​ភូមិ​អន្លុង ​ឃុំ​ព្រែ​កតា​មាក់ ​ស្រុក​ខ្សាច់កណ្តាល ​ខេត្តកណ្តាល​ ដោយ​គ្រោង​នឹង​សង់ផ្ទះមួយ​សម្រាប់​ឱ្យ​ជននេះ​ស្នាក់នៅ​។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះ​ឈ្មោះ ចេង គីម​សេង (​ហៅ​អោក​) ​ភេទ​ប្រុស ​អាយុ​៤៩​ឆ្នាំ ​ជនជាតិខ្មែរ​ជាម​នុស្ស​វិកលចរិត មាន​ទីលំនៅ​ភូមិ​.​ឃុំ​.​កើតហេតុ​នេះ។ ឯ​អ្នក​ឃុំខ្លួន​ឈ្មោះ ចេង គីម​អាង ភេទស្រី ​អាយុ​៤៧ ឆ្នាំ​មុខរបរ កសិករ​មាន​ទីលំនៅ​ភូមិ​.​ឃុំ​.​កើតហេតុ ត្រូវជា​ប្អូន​របស់​ជនរងគ្រោះ​។​
អស់រយៈពេល​ប្រហែល​១០​ឆ្នាំ​មកហើយ។

សមត្ថកិច្ចបន្តថា ឈ្មោះ ចេង គីម​អាង និង​ក្រុមគ្រួសារ​បង្ខំចិត្ត​ដាក់ច្រវាក់​ចាក់សោ ឃុំខ្លួន​ឈ្មោះ ចេង គីម​សេង ជា​បង​បង្កើត អស់រយៈពេល​ប្រហែល​១០​ឆ្នាំ​មកហើយ។​ ​មូល​ហេតុថា គាត់​វិកលចរិត​កាច​សាហាវ ទើប​ដាក់ច្រវាក់​នៅក្រោម​ដើម​ស្វាយ​ក្រោយ​ផ្ទះចម្ងាយ​ប្រហែល​១០០​ម៉ែត្រហើយមិនបានផ្តល់ដំណឹងដល់អាជ្ញាធរមូលដ្ឋានឡើយ​។​ ម្យ៉ាងដើម្បី​ការពារ​សុវត្ថិភាព​ក្រុមគ្រួសារ​និង​អ្នកជិតខាង​គឺ​កន្លងមក​ក្រុមគ្រួសារ​បានធ្វើ​រោង​ឱ្យ​ជន​វិកលចរិត​នោះដែរ ប៉ុន្តែ​ត្រូវ​គាត់​ដុតចោល​អស់​។​

​ក្រុមគ្រួសារ​ខាងលើ​បន្តថា​ ឈ្មោះ ចេង គីម​សេង ជា​មនុស្ស​វិកលចរិត កាច​សាហាវ​វាយ​អ្នកដទៃ និង​ក្រុមគ្រួសារ​ ទើប​ឈ្មោះ​ ចេង ​គីម​អាង ​ត្រូវជា​ប្អូន​និង​ក្រុមគ្រួសារ​សម្រេចយក​ច្រ​វាក់​ចាប់ចង​ និង​ឃុំខ្លួន​បែប​នោះ​រហូតមក។ ​ក្នុងនោះ​ក្រុមគ្រួសារ​បាន​​ចិញ្ចឹម​បីបាច់​ឱ្យ​បាយទឹក​គាត់ ក្នុង​មួយថ្ងៃ ៣​ពេល​ជាប្រចាំ​។ ខណៈ​ជីវភាព​គ្រួសារ​ឈ្មោះ ចេង គីម​អាង​កំពុងមាន​ការខ្វះខាត​ក៏ដោយ​។​

កន្លងមក​ឈ្មោះ ​ចេង​ គីម​អាង ​ធ្លាប់បាន​រាយការណ៍​ជូន​អាជ្ញាធរ​ដែរ​រាល់​សកម្មភាព​នេះ​តែ​អាជ្ញាធរ​ភូមិ​.​ឃុំ​ហាក់​មិន​ចាប់អារម្មណ៍​។ ​ទោះជា​យ៉ាងណាក្ដី​នៅ​ថ្ងៃទី ២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ កម្លាំងចម្រុះ​ស្រុក​ដឹកនាំ​ដោយៈ​លោកស្រី​ឡុង​ណាវី​អភិបាលរង​ស្រុក​, លោក​អ៊ុន​យ៉ុង​អធិការរង​,​ លោក​ម៉ៅ​សុផល​នាយការិយាល័យ​ប្រចាំការ​ការជួញដូរ​មនុ​ស្ស​,​លោកស្រី ឆាំ វណ្ណា ប្រធានការិយាល័យ​សង្គម​កិច្ច​ស្រុក​,​ លោក​មេឃុំ​, លោកនាយ​ប៉ុស្តិ៍​, លោក​មេភូមិ,​គ្រូពេទ្យ​, បាន​ចុះ​ដោះស្រាយ​ដល់​កន្លែងកើតហេតុ​។​

ស្ត្រីឈ្មោះ​ចេង​គីម​អាង​ត្រូវជា​ប្អូន​បាន​បញ្ជាក់ថា មូលហេតុ​ឈានដល់​ការឃុំខ្លួន​ឈ្មោះ ចេង គឹម​សេង ​រយៈពេល​១០​ឆ្នាំនេះ ​ព្រោះ​ឈ្មោះ​ចេង​គីម​សេង​មាន​ជំងឺ​ផ្នែក​សតិ​មិន​គ្រប់​ធ្លាប់​យកទៅ​ព្យាបាល​មិនជា​ឡើយ​។​ ម្យ៉ាងទៀតគាត់ ​ជា​មនុស្ស​កាច​សាហាវ​ពេក​ទើប​ក្រុមគ្រួសារ​ឃុំខ្លួន​ដោយ​ដាក់ច្រវាក់​នៅក្រោម​ដើម​ស្វាយ​។​

ទោះបីជា​ជន​វិកល​ច​រិ​ក​នោះ ​កាច​សាហាវ​បែបណា​ក៏​អាជ្ញាធរ​ស្រុក​ខ្សាច់កណ្ដាល​បាន​ងូតទឹក​ឱ្យ​គាត់​សម្អាត​រាងកាយ​ស្លៀកពាក់​ខោអាវ​ថ្មី​បាន​សមរម្យ​ ​និង​ធ្វើ​ផ្ទះ​ទំហំ​៤​គុណ​៤​ម៉ែត្រ​ក្នុងពេល​ឆាប់ៗ​ខាងមុខ ដើម្បីឱ្យ​ជននេះ​ស្នាក់នៅ​៕