សាកសព​បុរស​ម្នាក់​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​អណ្តែត​ទឹក​ សង្ស័យ​ថា​ជា​ជន​ដៃដល់​សម្លាប់​កម្មការិនី​រោងចក្រ​ម្នាក់​

ស្វាយ​រៀង​៖​ សាកសព​បុរស​ម្នាក់​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​អណ្តែត​ទឹក​ ដោយ​ដាក់​ការ​សង្ស័យ​ថា​ជា​ជន​ដៃដល់​សម្លាប់​កម្មការិនី​រោងចក្រ​ម្នាក់​ កាលពី​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ កន្លង​ទៅ​។​

​សាកសព​ខាង​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​រសៀល​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​នេះ​ នៅ​ខាងកើត​រោងចក្រ​អំ​ពូ​ល​ភ្លើង​ ស្ថិត​ភូមិ​ដើម​ពោធិ៍​ ឃុំ​កណ្ដៀង​រាយ​ ស្រុក​ស្វាយ​ទាប​ ខេត្តស្វាយរៀង​។​

​មន្ត្រី​នគរបាល​ខេត្តស្វាយរៀង​ បាន​ឲ្យ​ដឹង​ថា​បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ​ពិនិត្យ​រួច​មក​បាន​បញ្ជាក់​ថា​ សព​ជា​ពិតជា​ជនសង្ស័យ​ដែល​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​ ក្នុង​ករណី​សម្លាប់​កម្មការិនី​ជា​សង្សារ​របស់​ខ្លួន​ពិតប្រាកដ​មែន​។​

​ប្រភព​ដដែល​បន្ត​ថា​ ជនសង្ស័យ​ឈ្មោះ​ នាង​ ក្រឹម​ មាន​ទីលំនៅ​ភូមិ​ព្រៃ​គាវ​ ឃុំ​កំពង់​ចក​ ស្រុក​រំដួល​ ខេត្តស្វាយរៀង​។​

​តាមការសន្និដ្ឋានសមត្ថកិច្ចខេត្តសមត្ថកិច្ចស្រុកនិងគ្រូពេទ្យបង្អែកស្វាយទាប បានអោយឃើញថាជនសង្ស័យស្លាប់ ដោយសារជនសង្ស័យដោះស្បែក ដាក់កាបូបចុះលាងដៃជើងហើយរអិលធ្លាក់ក្នុងទឹកលង់ស្លាប់តែម្តង។

​គួរ​រម្លឹក​ថា​ ករណី​អារ​-​ក​សម្លាប់​ក​ម្មា​រិ​នី​រោងចក្រ​អំ​ពូ​ល​ភ្លើង​ម្នាក់​យ៉ាង​ព្រៃផ្សៃ​កាលពី​ម្សិលមិញ​ បង្ក​ជា​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពី​មហាជន​។​ បន្ទាប់​ពី​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​រួច​មក​ សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​ជនសង្ស័យ​ជា​ឃាតក​សម្លាប់​នារី​រង​គ្រោះ​ហើយ​ គឺ​ ជនសង្ស័យ​ជា​សង្សារ​នារី​រង​គ្រោះ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ករណី​ឃាតកម្ម​នៅ​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​នេះ​ នៅ​វេលា​ម៉ោង​៦​និង​៣២​នាទី​ព្រឹក​ នៅ​ក្នុង​រោងចក្រ​ ធី​វ៉ា​យ​ ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយ​រៀង​ហ្គី​ហ្គា​រី​សស៍​ ក្នុងភូមិ​ដើម​ពោធិ៍​ ឃុំ​កណ្ដៀង​រាយ​ ស្រុក​ស្វាយ​ទាប​ ខេត្តស្វាយរៀង​។​ ករណី​ឃាតកម្ម​នេះ​ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ​ នាង​ ក្រឹម​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ត្រូវជា​សង្សា​របស់​នារី​រង​គ្រោះ​ឈ្មោះ​ ខឹ​ម​ ពិសាល​ អាយុ​២៤​ឆ្នាំ​ រស់នៅ​ភូមិ​ព្រៃ​រការ​ ឃុំ​ឈើទាល​ ស្រុក​ស្វាយ​ជ្រុំ​ ខេត្តស្វាយរៀង​។​ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា​ មូលហេតុ​ដែល​ជនសង្ស័យ​សម្លាប់​នារី​រង​គ្រោះជា​សង្សារ​ ព្រោះ​ គ្រួសារ​ខាង​ស្រី​មិន​ឲ្យ​រៀប​ការ​។​ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​ ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​តែ​ម្តង​ ៕