នគរបាលឃាត់ខ្លួនជនជាតិចិន២នាក់បាញ់ប្លន់ហាងលក់គុជ ហីហី បក្សពួកផ្សេងទៀតកំពុងរត់គេចខ្លួន
ភ្នំពេញ ៖ ជនជាតិចិនមួយក្រុមប្រដាប់ដោយអាវុធខ្លីគ្រប់ដៃបម្រុងនឹងចូលប្លន់ផ្ទះចិនលក់យីហោ គុជ ហីហី មួយកន្លែងបង្កឲ្យមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទី ព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ស្ថិតនៅក្នុងផ្ទះល្វែងលក់ គុជ ហីហី ក្នុងផ្លូវបេតុង ក្បែរផ្សារឯករាជ្យទី១ ភូមិត្រពាំងថ្លឹង១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យ ដឹងថា មុនពេលកើតហេតុជនជាតិចិន២នាក់ ប្តីប្រពន្ធដែលជាម្ចាស់ហាងលក់គុជ កំពុងតែអង្គុយនៅខាងក្នុងផ្ទះ ស្របពេលនោះក៏មានជនជាតិចិនប្រហែលជា៤នាក់ ប្រដាប់ដោយអាវុធខ្លី និងដំបងឆក់គ្រប់ដៃ បានចូលទៅភ្ជង់ម្ចាស់ហាង ខណៈពេលនោះស្ត្រីដែលជា ប្រពន្ធបានស្ទុះចេញមកក្រៅហើយបានចាក់សោរពីខាងក្រៅ ទើបជនជាតិចិនប្រដាប់ដោយអាវុធដែលនៅខាងក្នុង បានព្យាយាមបាញ់ផ្តាច់សោរ ដើម្បីរត់គេចខ្លួន ភ្លាមៗនោះ កម្លាំងប៉ុស្តិ៍នគរបាលចោមចៅទី១ សហការជាមួយកម្លាំងព្រហ្មទណ្ឌនិងកម្លាំងអន្តរាគមន៍ ព្រមទាំងកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានឡោមព័ទ្ធនិងឃាត់ខ្លួនបានជនសង្ស័យជនជាតិចិនជាបន្តបន្ទាប់២នាក់ និង ដកហូតអាវុធខ្លីម៉ាកK59ចំ នួន១ដើម គ្រាប់ចំនួន៦គ្រាប់នៅជាប់និងបង់ កាំភ្លើង ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី១ ។រីឯជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ក៏បានទៅដាក់ពាក្យបណ្តឹងរួចរាល់ផងដែរ ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាង កំពុងតែឃុំខ្លួនបណ្តោះអាសន្ននៅអធិការ ដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី ៕