លោក ថោង សារ៉ាត់ និង បក្ខពួក៣នាក់ ត្រូវសាលាឧទ្ធរណ៍ ដោះលែងឲ្យមានសេរីភាព

ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាឧទ្ធរណ៍និងមហាអយ្យការអមសាលាឧទ្ធរណ៍ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សាលាឧទ្ធរណ៍សម្រេចដោះលែង ជនជាប់ចោទ ថោង សារ៉ាត់ អ្នកមានដ៏ស្តុកស្តម្ភ និង បក្ខពួក៣នាក់ អោយមានសេរីភាពឡើងវិញ ក្រោយជាប់ពន្ធនាគារជិត៥ឆ្នាំ ពាក់ព័ន្ធករណីបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែស៊ីម៉ង់ត៍សញ្ញាត្បូងពេជ្រ កាលពីចុងឆ្នាំ២០១៤ ។

អ្នកនាំពាក្យសាលាឧទ្ធរណ៍ ថ្លែងថាក្រុមប្រឹក្សាជំនុំជម្រះ បានជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ៧២៣ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩អស់រយៈពេល ៥លើក ដែលមានជនជាប់ចោទឈ្មោះ ១- ថោង សារ៉ាត់ ២- សៀង វាសនា ៣- កួយចាន់ថុល ៤- មាស សម្បត្តិ ហៅ ទូច និង ៥- ឈ្មោះ ឃុន ចិត្រា ដែលត្រូវបានជាប់ចោទពីបទ ផ្ដើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២៨ , មាត្រា ២០០ នៃក្រមព្រហ្មទណ្ឌអំពើឃាតកម្មគិតទុកជាមុន តាមបញ្ញត្តិមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមបញ្ញត្តិមាត្រា ២៩ មាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ ។

តាមរយៈសវនាការនេះ ក្រោយពីបានពិនិត្យសំណុំរឿង និងលទ្ធផលនៃការសួរតទល់នាពេលសវនាការនឹងភស្តុតាង ក្រុមប្រឹក្សាជំនុំជម្រះយល់ថា មានភាពចាំបាច់ត្រូវធ្វើការអង្កេតបន្ថែមដើម្បីជាប្រយោជន៍យុត្តិធម៌ នៃសំណុំរឿង និងបានសម្រេចចាត់របៀបស៊ើបអង្កេត ហើយក្នុងអំឡុងពេលនៃកិច្ចស៊ើបអង្កេតនេះ មេធាវីការពារក្តីរបស់ជនជាប់ចោទ ៤រូប បានដាក់ពាក្យសុំនៅក្រៅឃុំបណ្តោះអាសន្ន និងមានការបញ្ជាក់ពីមូលហេតុជាអំណះអំណាង ។

អ្នកនាំពាក្យសាលាឧទ្ធរណ៍ បន្តថា ការបើកការស៊ើបសួរបន្ថែម អាចត្រូវការរយៈពេលយូរបន្ថែមទៀត ដោយសារសំណុំរឿង នេះមានលក្ខណៈស្មុគស្មាញ ព្រមជាមួយគ្នានេះកម្រិតនៃភស្តុតាងទាក់ទងនឹងជនជាប់ចោទ ដែលបានដាក់ពាក្យសុំនៅមានកម្រិត ហើយក្រុមប្រឹក្សាយល់ថា ការអោយនៅក្រៅឃុំបណ្តោះអាសន្ននេះ ដោយសារពុំមានតម្រុយភស្តុតាងណាមួយ ដែលបញ្ជាក់ពីមូលហេតុចាំបាច់នៃការឃុំខ្លួនបណ្តោះអាសន្នតាមមាត្រា ២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌទេ។

ក្នុងចំណោមជនជាប់ចោទទាំង ៤នាក់នេះក៏មានជនជាប់ចោទដែលមានសុខភាពទ្រុឌទ្រោម គប្បីមានភាពងាយស្រួលក្នុងការថែទាំព្យាបាល ដោយពេទ្យជំនាញឯកទេសផងដែរ ។

ការដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ននេះ ត្រូវបានជំនួសដោយការដាក់ឲ្យជនជាប់ចោទស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការតាមលក្ខខណ្ឌចំពោះជនជាប់ចោទឈ្មោះ ១- ថោង សារ៉ាត់ ២- ហួយចាន់ថុល ៣- មាស សម្បត្តិ ហៅ ទូច និង ៤- ឈ្មោះ ឃុន ចិត្រា ដូចខាងក្រោម ៖
១- ជនជាប់ចោទមិនត្រូវចាកចេញពីព្រះរាជាណាចក្រកម្ពុជា ដោយមិនមានការអនុញ្ញាតពីតុលាការ ។
២- ហាមផ្លាស់ប្តូរលំនៅដ្ឋាន ។
៣- ត្រូវបង្ហាញខ្លួននៅការិយាល័យស្នងការនគរបាលរាជធានីភ្នំពេញរៀងរាល់សប្តាហ៍ទី១រៀងរាល់ខែ ។
៤- ចូលបង្ហាញខ្លួនតាមការកោះហៅរបស់តុលាការ ឬ អាជ្ញាធរមានសមត្ថកិច្ចដែលចាត់តាំងដោយតុលាការ ។

ការសម្រេចរបស់សាលាឧទ្ធរណ៍បែបនេះ ដោយផ្អែកទៅលើមាត្រា ៣៨ នៃរដ្ឋធម្មនុញ្ញ មាត្រា ២០៣មាត្រា ២០៥ មាត្រា ២២០ មាត្រា ២២៣ មាត្រា ២២៦ មាត្រា ៣០៧ មាត្រា ៣៨៧ មាត្រា ៣៩៦នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។

គួររំលឹកថា ហេតុការណ៍បាញ់សម្លាប់លោកឧកញ៉ា អ៉ឹង ម៉េង ជឺ ដ៏កក្រើករាជធានីភ្នំពេញនេះ បានកើតឡើង កាលវេលាម៉ោង៧៖១៨នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈពេល លោកឧកញ៉ាចុះពីរថយន្ត ឡិចស៊ីស៥៧០ ដើម្បីទៅទិញផ្លែឈើនៅមុខហាងលក់ផ្លែឈើ ឡោ តិចសេង ស្ថិតនៅផ្លូវលេខ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សូមជម្រាបថា សាលាដំបូងរាជធានីភ្នំពេញ កាលពី រសៀលថ្ងៃទី២៦ ខែ មីនា ឆ្នាំ២០១៩ កន្លងទៅប្រកាសសាលក្រម ផ្តន្ទា ទោស លោក ថោង សារ៉ាត់ អ្នក មាន ស្តុកស្តម្ភ និង អង្គរក្ស៤នាក់ ដាក់ពន្ធនាគារអស់មួយជីវិត ករណីបាញ់ សម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែ ស៊ីម៉ង់ សញ្ញាត្បូង ប៉ុន្តែក្រោយសំណុំរឿងដល់សាលាឧទ្ធរណ៍ ក៏មានការ សម្រេចដោះលែងអោយនៅក្រៅឃុំបណ្តោះអាសន្នតែម្តង ៕