នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ៣ ចាប់បានជនសង្ស័យលួចម៉ូតូបានម្នាក់
ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ៣ ធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចម៉ូតូបានមួយថ្ងៃ ។ កាលពីថ្ងៃទី ២៧ ខែ តុលា ឆ្នាំ២០១៩ មានសេចក្ដីរាយការណ៍មកថា មានករណីបាត់ម៉ូតូ នៅចំណុចក្នុងផ្ទះលេខ៣៨៩ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។
លោក ឯម ភារី បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ថុល វុទ្ធីម ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ ជាងភ្លើង មានទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ និងបក្សពួកម្នាក់ទៀតឈ្មោះ ធី ។ ចំណែកជនរងគ្រោះឈ្មោះ សួន មីដា ភេទប្រុសអាយុ២៦ឆ្នាំមុខរបរ និស្សិត មានទីលំនៅផ្ទះជួល ផ្លូវលេខ១១៨ សង្កាត់ ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។
បើយោងតាមសម្ដីរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុខ្លួន បានជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 1HS-7131 មក ចាក់សោរកចតទុកនៅកន្លែងធ្វើការផ្ទះលក់ថ្នាំពេទ្យ ផ្លូវបេតុង ភូមិ ទ្រា៤ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ (ចំណុចកើត ហេតុ) រួចចូលទៅធ្វើការនៅខាងក្នុងផ្ទះ ។ លុះមកដល់វេលាម៉ោង១៥ និង៣០នាទី ថ្ងៃដដែលខ្លួនបានចេញមករកមើលម៉ូតូ ស្រាប់តែបាត់មិនឃើញក៏បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ឲ្យជួយស្រាវជ្រាវរកតែម្ដង ។
ក្រោយពេលកើតហេតុលោកបានចុះទៅ ដល់ទីតាំងកើតហេតុភ្លាមៗដើម្បីពិនិត្យមើលកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅកន្លែងកើតហេតុ ក៏បានឃើញមនុស្សប្រុស០២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ០១គ្រឿងម៉ាកស្គូបពី ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HV 3570 មកធ្វើសកម្មភាពលួចយកម៉ូតូម៉ាកនិច ពណ៍ផ្កាឈូក របស់ជនរងគ្រោះ។
បន្ទាប់ពីកំណត់មុខសញ្ញារួចមកលោកបាន ដាក់កម្លាំងធ្វើការស្រាវជ្រាវ លុះរហូតដល់វេលាម៉ោង១៨ និង ៣០នាទីថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៩ ក៏ប្រទះឃើញជនសង្ស័យ កំពុងជិះម៉ូតូ០១គ្រឿងម៉ាកស្គូបពី ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HV 3570 (ជាមធ្យោបាយជនសង្ស័យជិះមកលួចម៉ូតូម៉ាក និច របស់ជនរងគ្រោះ) នៅចំណុចផ្លូវ៣៧១ សឡា ភូមិ ទ្រា៤ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ ហើយក៏បានឃាត់ខ្លួនយកមកសាកសួរនៅស្នាក់ការប៉ុស្តិ៍ស្ទឹងមានជ័យទី៣តែម្ដង។
នៅមុខសមត្ថកិចជនសង្ស័យឈ្មោះថុល វុទ្ធីម បានឆ្លើយសារភាពរូបគេពិតជាបានជិះម៉ូតូឌុបបក្សពួកឈ្មោះ ធី មកធ្វើសកម្មភាពលួចយកម៉ូតូរបស់គេ០១គ្រឿងម៉ាកនិច ពណ៍ផ្កាឈូក កាលពីថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៩ វេលាម៉ោង១៥ និង០០នាទីនៅចំណុចផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពិតប្រាកដមែន ចំណែកបក្សពួកឈ្មោះ ធី បានរត់គេចខ្លួនបាត់ទៅហើយ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ថុល វុទ្ធីម កំពុងធ្វើការសាកសួរ នៅប៉ុស្ដិ៍ស្ទឹងមានជ័យ៣ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ អធិការដ្ឋាននគរ បាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធីបន្ដ ៕