ក្រុមអ្នកញៀនល្បែងស៊ីសងនៅតែបន្តលួចលាក់បើកលេងនៅក្នុងព្រៃ ត្រូវបានសមត្ថកិច្ចស្ទឹងមានជ័យ៣ចុះបង្រ្កាបម្តងទៀតហើយ

ភ្នំពេញ៖កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣​សហការណ៍និងសាលាសង្កាត់ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះបង្រ្កាបទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) ដែលតែងតែលួចឆ្មក់បើកលេងនៅក្នុងព្រៃស្ងាត់ ជាប់នឹងរបងកាណាឌីយ៉ា សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលជាប់នឹងព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ ការពីរសៀលថ្ងៃទី២៤ខៃតុលាឆ្នាំ២០១៩។

លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣បានឲ្យដឹងថា៖ ទីតាំងជល់មាន់ខាងលើនេះពីមុនមកពិតជាមានសង្វៀនជល់ដ៏ធំមែន តែមកដល់ពេលបច្ចុប្បន្ននេះមិនមានបើកលេងធំដូចមុនទេ ផ្ទុយទៅវិញក្រុមអ្នកញៀនល្បែងទាំងនោះតែងតែណាត់គ្នាលួចឆ្មក់លេងម្តងម្កាល់តែប៉ុណ្ណោះ។ ដោយមានសារព័ត៌មានមួយចំនួនបានយករូបភាពចាស់ៗមកបង្ហោះតៗគ្នាចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយ លោកវរសេនីយ៍ត្រី ឯម ភារី ក៏បានដឹកនាំកម្លាំងចុះទៅពិនិត្យមើលភ្លាមៗ តែពួកក្រុមលេងល្បែងទាំងនោះហាក់បីដូចដឹងក្លិនមុន នាំគ្នារត់គេចអស់ដោយបន្សល់ទុកនៅស្តង់ និងសំភារៈមួយចំនួន។ លោកបានបន្តទៀតថា ទីតាំងខាងនេះមានភាពស្មុកស្មាញបន្តិច ហើយសុទ្ធតែព្រៃជាប់នឹងព្រំប្រទល់ខណ្ឌពោធិ៍ជ័យទៀត។
សូមបញ្ជាក់ថាទីតាំងខាងលើនេះ កន្លងមកសមត្ថកិច្ចធ្លាប់បានចុះបង្រ្កាបដែរ តែក្រុមអ្នកលេងទាំងនោះនៅតែលួចលាក់លេងជាដដែល។
ទោះបីជាមានការលួចលាក់បើកលេងល្បែងស៊ីសងខុសច្បាប់ពីសំណាក់ក្រុមអ្នកញៀនល្បែងទាំងនោះយ៉ាងណាក៏ដោយ លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ នឹងបង្រ្កាបប្រសិនបើជានៅមានការបន្តលួចបើកលេងទៀត។ ឆ្លៀតក្នុងឪកាសនេះផងដែរ​ លោកវរសេនីយ៍ត្រី ឯម ភារី បានសំណូមពរដល់ប្រជាពលរដ្ឋសូមរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗនៅពេលដែលបញ្ហាសន្តិសុខកើតមានឡើង ដើម្បីទទួលបានការអន្តរាគមន៍ភ្លាមៗ៕