ចិនតៃវ៉ាន់ម្នាក់​ ក្នុងចំណោម​បក្ខពួក៤នាក់​ ​ព្រួតវាយបុរសខ្មែរម្នាក់​ ផ្អេីលពេញផ្លូវកម្ពុជាក្រោម​នោះ​ ត្រូវសមត្ថកិច្ចតាមឃាត់ខ្លួនបានហេីយ និងគ្មានលិខិតឆ្លងដែនថែមទៀតផង!

រាជធានីភ្នំពេញ​ ៖ ឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ទំនាស់គ្នាវាយដោយដៃរវាងជនជាតិចិន ០៤នាក់ វាយលើជនរងគ្រោះខ្មែរ០១នាក់បណ្ដាលឲ្យរបួសជាច្រើនកន្លែង) កើតហេតុនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 

សមត្ថកិច្ចខណ្ឌទួលគោក​បានអោយដឹងថា​ នៅថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល២៣:០៥នាទី កម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ទំនាស់គ្នាវាយដោយដៃរវាងជនជាតិ ចិន០៤នាក់ វាយលើជនរងគ្រោះខ្មែរ០១នាក់ បណ្ដាលឲ្យរបួសជាច្រើនកន្លែង) ឃាត់ខ្លួននៅចំណុចមុខខារ៉ាអូខេទន្លេសេកុង មានទីតាំងផ្ទះលេខ៧៧ ផ្លូវ១២២ ក្រុមទី១៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលប្រព្រឹត្តនៅចំណុចមុខផ្ទះ៦២៤ ផ្លូវ លេខ១២៨ ក្រុមទី១៥ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ២:០០នាទីរំលងអាធ្រាត្រ ។

 

ជនសង្ស័យឈ្មោះ TSAI JIDA ហៅ ADA ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិនតៃវ៉ាន់(គ្មានលិខិតឆ្លងដែន)មុខរបរ អាជីរវករស្នាក់នៅផ្ទះលេខ២៦៦ ផ្លូវលេខ១០Mថ្មី បូរីពិភពថ្មីសែនសុខ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ សឿន រដ្ឋា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីវករ ស្នាក់នៅផ្ទះលេខ៤៣ ផ្លូវរំដួល បូរីអ័រគីដេរ សែនសុខ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះរងរបួសស្នាមលើដើមទ្រូងជាំ ,កញ្ចឹងកខាងក្រោយ , ជើងខាងស្ដាំ , ចង្កេះស្ដាំ, ដៃស្ដាំ, ភ្នែកទាំងសងខាង , ត្រជៀកទាំងសងខាង , ក្បាលជាទម្ងន់ជាំហើម និង ជាំត្រជៀកទាំងសងខាង (ដោយសារជនសង្ស័យឈ្មោះ TSAI JIDA ហៅ ADA  និងបក្សពួកវាយដោយដៃបណ្ដាលឲ្យរបួសក្នុងពេលកើតហេតុ) ។

បេីតាមការពិនិត្យទីកន្លែងកើតហេតុឃើញរួមមាន៖ ម៉ូតូ០១គ្រឿងម៉ាក DIO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HP-1073 ដែលមានលេខតួ: 1380694 និងលេខម៉ាស៊ីន: 1381388 (ជាម៉ូតូរបស់ជនសង្ស័យឈ្មោះ ALON ជាបក្សពួកឈ្មោះ TSAI JIDA ហៅ ADA  រត់ចោលនៅកន្លែងកើតហេតុពេលវាយប្រតាយប្រតប់គ្នាជាមួយជនរងគ្រោះ)។

 

បេីយោងតាម​របាយការណ៍​របស់​សមត្ថកិច្ចខណ្ឌទួលគោក​បានបញ្ជាក់ពីដំណើររឿងហេតុថា​ នៅវេលាម៉ោងប្រហែល ២៣:០០នាទីយប់​ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ជនរងគ្រោះឈ្មោះ សឿន រដ្ឋា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ អាន ភេទប្រុស អាយុប្រហែល២៤ឆ្នាំ  ជនជាតិខ្មែរ បានបើករថយន្តម៉ាក ឆែរ៉ូឡែត ពណ៌ខ្មៅ ស៊េរី 2018  ពណ៌ខ្មៅ ចេញពីផ្ទះក្នុងគោលបំណងទៅរកញាំអាហារនៅខាងក្រៅ តែមិនបានញាំទេ ជនរងគ្រោះនិងឈ្មោះ អាន ក៏បានជិះរថយន្តដើរលេងតាមផ្លូវ លុះជិះមកដល់ចំណុចមុខផ្ទះ៦២៤ ផ្លូវលេខ១២៨ ក្រុមទី១៥ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ស្រាប់តែមានជនសង្ស័យឈ្មោះ TSAI JIDA ហៅ ADA ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិនតៃវ៉ាន់ និងបក្សពួកមានគ្នា០៣នាក់ទៀត ទី១,ឈ្មោះ LE CHEN LANG ហៅ លីកឺ ភេទប្រុស អាយុ ប្រហែល៤២ឆ្នាំ ជនជាតិចិនតៃវ៉ាន់ , ទី៣,ឈ្មោះ អ៊ូកឺ ភេទប្រុស ប្រហែល៤៥ឆ្នាំ ជនជាតិចិនតៃវ៉ាន់ និងឈ្មោះ ALON ភេទប្រុស អាយុប្រហែល២៥ឆ្នាំ ជនជាតិចិនតៃវ៉ាន់ បានបើករថយន្តចំនួន០១គ្រឿងម៉ាក Ford Ranger ពណ៌ស មិនចាំស្លាកលេខ និងម៉ូតូ០២គ្រឿងម៉ាក Honda  Zoomer X ពណ៌ខ្មៅ លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HF-0713 និងម៉ូតូ០១គ្រឿងទៀត ម៉ាក DIO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HP-1073 តាមផ្លូវ១២៨ ពីលិចទៅកើត ពេលនោះជនរងគ្រោះឈ្មោះ សឿន រដ្ឋា ក៏បានបើករថយន្តវ៉ាទៅមុនក្រុមជនសង្ស័យជាជនជាតិចិនខាងលើ រួចហើយជនសង្ស័យឈ្មោះ TSAI JIDA ហៅ ADA និងបក្សពួកក៏បានចុចស៊ីផ្លេររថយន្តជាច្រើនដងខ្លាំងៗ រួចហៅជនរងគ្រោះឈ្មោះ សឿន រដ្ឋា ឲ្យឈប់ ។

ពេលនោះជនរងគ្រោះក៏បានឈប់រថយន្តរួចហៅជនសង្ស័យឈ្មោះ TSAI JIDA ហៅ ADA និងបក្សពួក០៣នាក់ ថាមានរឿងអីបានហៅអញ់ឲ្យឈប់ ពេលនោះជនសង្ស័យឈ្មោះ TSAI JIDA ហៅ ADA និង បក្សពួកក៏បានឈប់រថយន្តនិងម៉ូតូ រួចនិយាយជាភាសាចិនខ្លាំងៗ ។ រួចហើយក្រុមជនសង្ស័យទាំង០៤នាក់ខាងលើ ក៏បានចុះពីលើរថយន្ត និងម៉ូតូ រួចដើរសំដៅមករកជនរងគ្រោះរួចវាយលើជនរងគ្រោះបណ្ដាលឲ្យត្រូវរបួសជាច្រើនកន្លែង ក្នុងពេលនោះជនរងគ្រោះ ក៏បានវាយតបតទៅលើក្រុមជនសង្ស័យវិញ ដើម្បីការពារខ្លួនទៅវិញ ។

ក្រោយមកក៏មានអ្នកជិតខាងជួយឃាត់បំបែកគ្នា លុះមួយសន្ទុះក្រោយមកក៏មានការប្រតាយប្រតប់គ្នាជាលើកទី២ ដោយដេញវាយគ្នាពេញផ្លូវ១២៨ ដោយក្រុមជនសង្ស័យទាំង០៤នាក់បានប្រើដៃវាយមកលើជនរងគ្រោះឈ្មោះ សឿន រដ្ឋា និងលោតធាក់ដើមទ្រូង០១កន្លែងជាំ ,កញ្ចឹងកខាងក្រោយ , ជើងខាងស្ដាំ , ចង្កេះស្ដាំ, ដៃស្ដាំ, ភ្នែកទាំងសងខាង , ត្រជៀកទាំងសងខាង , ក្បាលជាទម្ងន់ជាំហើមជាំ និងត្រជៀកទាំងសងខាង ក្នុងពេលវាយតាយប្រតប់គ្នាក្រុមជនសង្ស័យឈ្មោះ ALON បានរត់ចោល ម៉ូតូ០១គ្រឿង ម៉ាក DIO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HP-1073 នៅលើផ្លូវលេខ១២៨ រួចហើយក្រុមជនសង្ស័យទាំង០៤នាក់ខាងលើក៏បានគេចរត់ខ្លួនបាត់ទៅ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យតែម្ដង ក្រោយពេលកើតហេតុសមត្ថកិច្ចយើងក៏បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីចាប់យកម៉ូតូ០១គ្រឿងម៉ាក DIO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HP-1073 ដែលក្រុមជនសង្ស័យជនជាតិចិនបានរត់ចោល និងបានធ្វើការស្រាវជ្រាវរកជនសង្ស័យខាងលើ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

 

លុះរហូតមកដល់វេលាម៉ោងប្រហែល២៣:០៥នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ TSAI JIDA ហៅ ADA ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ឃាត់ខ្លួន នៅចំណុចមុខខារ៉ាអូខេ​ ទន្លេសេកុង ដែលមានទីតាំងផ្ទះលេខ៧៧ ផ្លូវ១២២ ក្រុមទី១៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ រួចបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមផ្លូវច្បាប់ ។

 

ចំណែកបក្សពួក០៣នាក់ទៀតឈ្មោះ LE CHEN LANG ហៅ លីកឺ, ឈ្មោះ អ៊ូកឺ និងឈ្មោះ ALON  បានគេចខ្លួនបាត់ ។ ការធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោមជនសង្ស័យរូបនេះ ជាលទ្ធផលមានភាព អវិជ្ជមាន ។

 

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ (អត្ថបទ​កែសម្រួលដោយ​ បងម៉េង)