ជនជាតិចិនម្នាក់បែកថ្នាំឡើងលើអាគារ បម្រុងលោតសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើ លដល់ប្រជាពលរដ្ឋ និង សមត្ថកិច្ច

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បានប្រើប្រាស់ថ្នាំញៀនលើសកម្រិត បែកគំនិតឡើងលើអាគារបំរុងសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ព្រមទាំងអាវុធហត្ថចុះទៅអន្តរាគមន៍ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅចំណុចមុខព្រលានយន្តហោះពោធិ៍ជិនតុង ក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បុរសជនជាតិចិនដែលបែកថ្នាំខាងលើ នៅមិនទាន់ស្គាល់ឈ្មោះនោះទេ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញបុរសម្នាក់ជាជនជាតិចិន បានឡើងលើអាគារផ្ទះល្វែងកម្ពស់៣ជាន់ ហើយដោះអាវស្រាតខោ (នៅសល់តែលីអូ) យំស្រែក និងបំរុងលោតសម្លាប់ខ្លួន ទើបធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ ព្រមទាំងមានជនជាតិចិនដូចគ្នាជួយស្រែកពន្យល់ណែនាំ និងត្រៀមពួករៀបចំនៅខាងក្រោមដើម្បីទទួលកុំឲ្យធ្លាក់មករងរបួស និងប៉ះពាល់ដល់អាយុជីវិត ។

បន្ទាប់មក កម្លាំងអន្តរាគមន៍របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានយកឧបករណ៍សង្គ្រោះ ហើយឡើងទៅចាប់ក្រៀកចុះមកក្រោមទទួលបានជោកជ័យ ដោយមិនប៉ះពាល់ដល់អាយុជីវិតនោះឡើយ រួចបញ្ចូនទៅទីបញ្ចាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំ និងបន្សាបគ្រឿងញៀនដល់រូបគេ ៕