ប្រទះឃើញទូកបុរាណដែលនៅក្នុងការដ្ឋានបូមខ្សាច់ ស្ថិតក្នុងភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប
ហ្វេសប៊ុក៖ ថ្មីៗនេះដែរមានការភ្ញាក់ផ្អើលជាខ្លាំងដោយក្រុមការងារមួយបាន ប្រទះឃើញទូកបុរាណដែលនៅក្នុងការដ្ឋានបូមខ្សាច់ ស្ថិតក្នុងភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ហើយត្រូវអាជ្ញាធរជាតិអប្សរាយកទៅរក្សាទុកបណ្តោះអាសន្ននៅក្នុងកសិណអង្គរវត្តកាលពីថ្ងៃទី៨ ខែមេសា មានកាលបរិច្ឆេទនៅឆ្នាំ១២០៧ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ។យ៉ាងណាមិញ លទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវអ្នកជំនាញជាតិ និងអន្តរជាតិសម្តែងការអបអរសាទរ និងគាំទ្រយ៉ាងខ្លាំង ចំពោះការប្រទះឃើញទូកបុរាណដ៏កម្រដំបូងបំផុត ដែលមានអាយុកាលចាស់ជាងគេក្នុងតំបន់អង្គរ។ លោកសាស្ត្រាចារ្យ Azedine Bechaouch បញ្ជាក់ថា
អាយុកាលនេះបានមកពីលទ្ធផលនៃការវិភាគនៅមន្ទីរពិសោធន៍ប្រទេសញូវហ្សេឡែនដោយប្រព័ន្ធវិទ្យាសាស្ត្រកាបូន១៤ ដែលមានភាពសុក្រឹត និងច្បាស់បំផុត ហើយមានការទទួលស្គាល់ជាលក្ខណៈសាកល ។ដោយឡែក បើតាមទម្រង់រូបរាងជាក់ស្តែងបញ្ជាក់ថា ទូកបុរាណដែលកប់ក្នុងដីជម្រៅ៧ម៉ែត្រនេះ ជាប្រភេទទូកឃ្លោង ធ្វើពីដើមគគីរមួយដើមទាំងមូលមានប្រវែង១២,៨៣ម៉ែត្រ។ ចំពោះទីតាំងដែលរកឃើញវិញ គឺជាអតីតស្ទឹងពួកចាស់ ជាប់នឹងស្ទឹងសៀមរាប ហូរទៅកាន់ស្រុកពួក ។
លោកសុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរាបញ្ជាក់ថា លទ្ធផលដែលទទួលបាននេះជាទិន្នន័យដ៏សំខាន់
មានគុណតម្លៃយ៉ាងខ្ពស់ចំពោះសាធារណជន និងអ្នកស្រាវជ្រាវ ដើម្បីឱ្យយល់កាន់តែច្បាស់អំពីអាណាចក្រខ្មែរ ជាពិសេសក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ។ អាជ្ញាធរជាតិអប្សរានឹងពិភាក្សាជាមួយអ្នកជំនាញជាតិ និងអន្តរជាតិ ដើម្បីធ្វើយ៉ាងណារកមធ្យោបាយតាំងពិព័រណ៍ឱ្យសាធារណជន ក៏ដូចជាអ្នកទេសចរជាតិនិងអន្តរជាតិ បានទស្សនា និងទទួលព័ត៌មានលម្អិតអំពីទូកបុរាណនេះ។តួយ៉ាង អាជ្ញាធរជាតិអប្សរានឹងពិចារណារកទីកន្លែងដើម្បីតាំងបង្ហាញនៅសារមន្ទីរថ្មីដោយឡែក ឬសារមន្ទីរដែលមានស្រាប់ ដូចជាសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ
និងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ឬតាំងចល័តឆ្លាស់គ្នាដើម្បីឱ្យអ្នកទេសចរទាំងអស់បានទស្សនាទូកបុរាណផង បានទស្សនាពិព័រណ៍ ផ្សេងៗក្នុងសារមន្ទីរទាំងនោះផង ។ ក្នុងនោះដែរត្រូវបង្កលក្ខណៈងាយស្រួល ក៏ដូចជាកិច្ចការរក្សាសុវត្ថិភាព និងសន្តិសុខល្អដើម្បីអភិរក្ស រក្សាទម្រង់រូបរាងដើមរបស់ទូកឱ្យបានយូរអង្វែងទុកជាមត៌កបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ ៕ប្រភព៖ ហ្វេសប៊ុក