រថយន្តកុងតឺន័រ បើកទៅបុកពីក្រោយរថយន្តបែនដឹកដី ដែលកំពុងឈប់ប្ដូរកង់រថយន្ត នៅលើផ្លូវជាតិលេខ១

រាជធានីភ្នំពេញ​ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតមានឡើងរវាងរថយន្តបែនដឹកដីមួយគ្រឿងកំពុងឈប់ផ្លាស់ប្ដូរកង់កណ្ដាលផ្លូវ ពុំមានដាក់សញ្ញាសម្គាល់ ត្រូវបានរថយន្តកុងតឺន័រមួយគ្រឿងបើកមកបុកពីក្រោយបណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងបណ្ដាលឲ្យមានមនុស្សម្នាក់រងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតមានឡើងនៅវេលាម៉ោង១០:២៥នាទីយប់ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតនៅចំណុចទល់មុខធនាគារគោកស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តបែនដឹកដីមួយគ្រឿងម៉ាកSang Yong ពណ៌លឿង ពាក់ស្លាកលេខភព១-៨២១០ បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតមកលិច ហើយផ្ទុះបែកកង់ខាងឆ្វេង រួចរងចាំប្ដូរកង់ហើយខណៈពេលដែលកំពុងតែធ្វើការផ្លាស់ប្ដូរកង់ស្រាប់តែមានរថយន្តសណ្តោងកុងតឺន័រមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3E-3009 បើកមកពីក្រោយ ក្នុងល្បឿនលឿនផងនោះ ទៅបុកពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ដែលកំពុងតែដូយកង់រថយន្តបានរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជោរៃភ្លាមៗផងដែរ។

បច្ចុប្បន្នតែពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍នគរបាលច្បារអំពៅ២ រួមទាំងសមត្ថកិច្ចជំនាញផ្នែកវាស់វែង​ចរាចរណ៍ខណ្ឌច្បារអំពៅ បានចុះមកដល់កន្លែងកើតហេតុ រួចបាញ់គំនូស អោយភាគីទាំងសងខាង​ធ្វើការដោះស្រាយគ្នាមួយជំហ៊ានសិន តែប្រសិនបើការដោះស្រាយគ្នាមិនត្រូវ ទេីបសមត្ថកិច្ចធ្វេីការវាស់វែង យកទៅរក្សាទុកបណ្ដោះអាសន្ន​ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់ផងដែរ៕ ដោយ៖ បងម៉េង៚