ព្រែកទាល់ជាតំបន់ទេសចរណ៍ទស្សនាសត្វស្លាបដ៏កម្រជាច្រើនប្រភេទ
ខេត្តបាត់ដំបង៖ព្រែកទាល់ជាតំបន់ទេសចរណ៍មួយនៅក្នុងខេត្តបាត់ដំបងដែលបានទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករអោយទៅទស្សនាជារៀងរាល់ឆ្នាំ ដោយព្រែកទាល់ជាតំបន់មួយក្នុងចំណោមបីរបស់បឹងទន្លេសាប ដែលប្រមូលផ្តុំទៅដោយជីវៈចម្រុះជាច្រើនប្រភេទ និងសត្វស្លាបតូចធំគួអោយចង់គយគន់។
ក្នុងចន្លោះខែធ្នូដល់ខែកុម្ភៈជាពេលដែលទឹកជោរ និងជាពេលវេលាដែលល្អបំផុតសម្រាប់អ្នកទស្សនាដែលអាចមើលឃើញការប្រមូលផ្ដុំដ៏អស្ចារ្យរបស់សត្វបក្សីនានាដូចដែលអ្នកតែងតែឃើញនៅក្នុងវីដេអូឯកសារសត្វដែរនៅពេលដែលទឹកនៅតំបន់ផ្សេងចាប់ផ្ដើមស្រកសត្វបក្សីមកពីគ្រប់ទិសទីបានជួបជុំគ្នានៅទីនេះ។ ពេលវេលាដែលល្អបំផុតសម្រាប់ការទស្សនាសត្វស្លាបនៅទីនោះគឺពេលព្រឹកព្រលឹមនិងពេលរសៀលដូចនេះអ្នកត្រូវតែចំណាយពេលមួយយប់ស្នាក់នៅក្នុងតំបន់ព្រែកទាល់ដែលការស្នាក់នៅជាលក្ខណៈបែបសាមញ្ញនិងមានតម្លៃចាប់ពី ១៥ ទៅ ២០ ដុល្លារ។
ចំពោះការទស្សនានៅទីនោះគឺអ្នកទស្សនាត្រូវធ្វើដំណើរតាមទូកមុននឹងទៅដល់ទីនោះអ្នកត្រូវធ្វើដំណើរទៅកាន់កំពង់ផែចុងឃ្នាស ឬកំពង់ផែមេជ្រៃ (អាស្រ័យទៅលើកម្ពស់ទឹក) ហើយអ្នកត្រូវជួលទូកទៅកាន់ព្រែកទាល់ដោយចំណាយពី៤៥ទៅ៥០ដុល្លារសម្រាប់ទូកមួយ (អាចជិះបានពី៣ទៅ៤នាក់)។ ពេលទៅដល់ទីនោះអ្នកត្រូវចំណាយថ្លៃទូកតូចមួយទៀតដែលមានតម្លៃ ចន្លោះពី៣៥ទៅ៤៥ដុល្លារសម្រាប់ការទស្សនាព្រៃ និងសត្វស្លាប (រយៈពេលប្រហែលមួយម៉ោង) ។ សម្រាប់ការចំណាយរបស់អ្នកនៅតំបន់ទេសចរណ៍ព្រែកទាល់ គឺមានន័យថាលោកអ្នកបានចូលរួមចំណែកនៅក្នុងការជួយលើវិស័យអប់រំនៅតំបន់នោះផងដែរ៕