ប៉ុស្តិ៍​រដ្ឋបាល​អូរ​បែក​ក្អម​ ឃាត់​ជនសង្ស័យ​ម្នាក់​ ក្នុង​ចំណោម​៣​នាក់​ ឆក់​កាបូប​ប្រាក់

​ភ្នំពេញ​ ៖​ ប៉ុស្តិ៍​រដ្ឋបាល​អូរ​បែក​ក្អម​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ម្នាក់​ ក្នុង​ចំណោម​៣​នាក់​ ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ឆក់​កាបូប​មាន​ប្រាក់​)​ នៅ​ចំណុច​ផ្លូវ​២០០៤​ ភូមិ​ទ្រង់មាន់​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ កាលពី​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៥​ និង​៣០​នាទី​។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំងអស់​មាន​គ្នា​៣​នាក់​ ជិះ​ម៉ូតូ​២​គ្រឿង​ ម៉ូតូ​ម៉ា​កនិច​ទាំង​២​គ្រឿង​ (​គេចខ្លួន​ ២​នាក់​ មានឈ្មោះ​ វៃ​ និង​ឈ្មោះ​ ឆា​រ៉ា​)​ ហើយ​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួណ​ឈ្មោះ​ ឈ្មោះ​ ទិ​ត្យ​ សុខ​ជា​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​គ្មាន​ ស្នាក់​នៅ​ភូមិ​មច្ឆា​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ (​មាន​សារធាតុ​ញៀន​)​។​

​ជន​រង​គ្រោះ​ ឈ្មោះ​ហ៊ូ​ សុ​ផេង​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​លក់​គ្រឿងក្រអូប​ ស្នាក់​នៅ​បន្ទប់​ជួល​ ភូមិ​ព្រៃ​ព្រីង​ខាងជើង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ​សែន​ជ័យ ​។​ ​សម្ភារ​បាត់បង់​រួម​មាន​ ៖​ កាបូបដៃ​ចំនួន​០១​ប្រាក់​ទឹក​ចំនួន​២០០​ដុល្លារ​ ; ​អត្តសញ្ញាណប័ណ្ណ​សញ្ញា​តិ​ខ្មែរ​ចំនួន​០១​សន្លឹក​ ។​

​វត្ថុ​តាង​ចាប់​យក​រួម​មាន​ ៖​ ម៉ូតូ​១​គ្រឿង​ ម៉ា​កនិច​ពណ៌​សលាយ​លឿង​ សេរី​២០២០​ គ្មាន​ស្លាក​លេខ​ និង​ទូរស័ព្ទ​ ម៉ាក​ហួ​វៃ​(​របស់​ជនសង្ស័យ​)​។​ ​បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕