ចង់ស្រាយគុំនំចាស់ យកកូនកាំបិតប៉ងចាក់សម្លាប់ជនរងគ្រោះកំពុងដេកក្រោមផ្ទះ ចុងក្រោយជាប់ខ្នោះ របស់ប៉ូលិសស្រុកត្រាំកក់
ខេត្តតាកែវ៖ពិតជាក្លាហានមែន អ្នកលេងកូនកាំបិតពិឃាត ចង់ស្រាយគុំនុំចាស់ លួចទៅចាក់គេសម្លាប់ចោល តែត្រូវបានជនរងគ្រោះគេចទាន់ កុំអីត្រូវក្ស័យសង្ខារ ដោយសារជនសង្ស័យម្នាក់នេះ។បន្ទាប់ពីបានប៉ុនប៉ងចាក់សម្លាប់គូសត្រូវ រួចមក ជនសង្ស័យម្នាក់នេះ ត្រូវបានសមត្ថកិច្ចស្រុកត្រាំកក់ចាបឃាត់ខ្លួន កាលពីវេលាម៉ោង១១និង០០នាទី នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិត្រពាំងអំពិល ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។
ជនសង្ស័យមានឈ្មោះ មុត សុខ ហៅ ម៉ាប់ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិត្រពាំងអំពិល ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្មដែលប្រព្រឹត្តនៅវេលាម៉ោង២២និង០០នាទី កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។
តាមរបាយការណ៍បឋមរបស់ អធិការដ្ឋាននគរបាលស្រុកត្រាំកក់បានឱ្យដឹងថា នៅវេលាកើតហេតុជនសង្ស័យខាងលើ មានប្រដាប់ដោយកូនកាំបិទកាន់ដៃទាំងសងខាងបានចូលទៅចាក់ជនរងគ្រោះ នៅក្នុងផ្ទះជនរងគ្រោះខណៈពេលជនរងគ្រោះដេកក្រោមផ្ទះតែពុំបានសម្រេចដោយជនរងគ្រោះដឹងខ្លួនទាន់ ហើយបានស្គាល់ជនសង្ស័យ(ផ្ទះទល់មុខគ្នា)ក៏ស្រែក ភ្លាមនោះជនសង្ស័យបានហក់ចាក់ទៅលើជនរងគ្រោះ តែជនរងគ្រោះគេចទាន់ហើយជនសង្ស័យក៏បានរត់គេចចេញពីកន្លែងកើតហេតុបាត់ដោយ បន្សល់ទុកកូនកាំបិតចុងស្រួតមួយជាប់នឹងម៉ុងរបស់ជនរងគ្រោះ។
ក្រោយពីបានទទួលពាក្យបណ្តឹងភា្លម កម្លាំងជំនាញបានចុះទៅកាន់ទីកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើបាននៅនឹងផ្ទះរបស់ខ្លួន ព្រមទាំងដកហូតបានម្សៅក្រាមពណ៌សថ្លា ចំនួន១កញ្ចប់តូចផងដែរ។មូលហេតុដែលឈានដល់កើតជាករណីខាងលើនេះគឺបណ្តាលពីរឿងគំនុំចាស់និងជនសង្ស័យជាមនុស្សញៀនថ្នាំផង។បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ ៕