ប៉ូលិសស្ទឹងមានជ័យ វាយខ្នោះ ជនសង្ស័យ៣នាក់ ក្រោយ ឆែករកឃើញថ្នាំញៀន ៤កញ្ចប់
ភ្នំពេញៈកម្លាំងអន្តរាគមន៍នៃអធិការដ្ឋានខណ្ឌមានជ័យសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣បានឃាត់ខ្លួនជនសង្ស័យ៣នាក់ក្រោយជិះម៉ូតូឌុបគ្នាដោយមានការសង្ស័យសមត្ថកិច្ចបានហៅសួរនាំនិងសុំធ្វើការត្រួតពិនិត្យឆែកឆេររកឃើញថ្នាំញៀន៤កញ្ចប់ទើបសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍ភ្លាមៗ។
ការឃាត់ខ្លួនខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១២:២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃពុធទី១១ខែកក្កដាឆ្នាំ២០១៩នៅចំណុចមុខស្ថានីយចាក់សាំងសូគីម៉ិចលើផ្លូវ៣០ម៉ែត្រ កែងផ្លូវវេងស្រេងក្នុងភូមិដំណាក់ធំ៣សង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យរាជធានីភ្នំពេញ។
លោកអនុសេនីយ៍ឯកឯមភារីនាយប៉ុស្តិ៍ស្ទឹងមានជ័យទី៣បានប្រាប់ឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើគឺអនុវត្តគោលនយោបាយភូមិ–សង្កាត់មានសុវត្ថិភាពនិងចូលរួមប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀនក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោម៉េងវិមានតារាអធិការនគរបាលខណ្ឌមានជ័យបានដាក់ផែនការដល់បណ្តាប៉ុស្តិ៍រដ្ឋបាលទាំង៧ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យឲ្យយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងបង្កើនការយកចិត្តទុកដាក់ក្នុងការចេញល្បាតពួនស្ទាក់និងត្រៀមលក្ខណៈអន្តរាគមន៍ទប់ស្កាត់បទល្មើសផ្សេងៗ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានកម្លាំងកងអន្តរាគមន៍ខណ្ឌមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យទី៣បានចេញល្បាតក្នុងមូលដ្ឋាន លុះមកដល់ចំណុចឃាត់ខ្លួនខាងលើបានប្រទះឃើញបុរស៣នាក់(ជនសង្ស័យ) កំពុងជិះម៉ូតូមួយគ្រឿងម៉ាក Smash Revo ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ 1AG-2704 ឌុបគ្នាធ្វើដំណើរតាមផ្លូវបេតុងចំណុចឃាត់ខ្លួនខាងលើដោយមានការសង្ស័យ កម្លាំងល្បាតបានហៅមកសួរនាំនិងសុំធ្វើការត្រួតពិនិត្យឆែកឆេរខ្លួនរកឃើញក្រាមពណ៌សថ្លា ចំនួន៤កញ្ចប់រួមទាំងដែកឆ្កឹះសោនៅក្នុងហោប៉ៅខោរបស់ជនសង្ស័យ២នាក់ ដែលជិះពីក្រោយទើបកម្លាំងធ្វើការឃាត់ខ្លួនបញ្ជូនទៅធ្វើការសាកសួរទាំងអស់គ្នានៅស្នាក់ការប៉ុស្តិ៍តែម្ដង។
វត្ថុតាងដកហូតបានរួមមាន៖ក្រាមពណ៌សថ្លា(សង្ស័យជាគ្រឿងញៀន)ចំនួន៤កញ្ចប់តូចនិងសម្ភារៈសម្រាប់ឆ្កឹះសោចំនួន២និងម៉ូតូមួយគ្រឿងម៉ាកSmash Revo ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ1AG-2704។
បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ត្រូវបានឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ដើម្បីរងចាំប្រគល់ឲ្យផ្នែកជំនាញខណ្ឌមានជ័យកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕