ជនសង្ស័យ២នាក់​ ឆក់ទូរស័ព្ទពីស្ត្រីជនជាតិកូរ៉េ មិនបានសម្រេច រត់ចោលម៉ូតូនៅខណ្ឌទួលគោក

ភ្នំពេញ៖ ស្ត្រីជនជាតិកូរ៉េម្នាក់ត្រូវបានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង មកធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ​ តែមិនបានសម្រេច ខណៈពេលដែលប្រជាពលរដ្ឋចំនួន 2 នាក់​ ឃើញហេតុការណ៍បានជិះម៉ូតូដេញចាប់ជនសង្ស័យភ្លាមៗ​ បណ្តាលអោយជនសង្ស័យភយ័ស្លាន់ស្លោបានផ្ដួលម៉ូតូរត់ចោលតែម្ដង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 9 និង 00 នាទីយប់ថ្ងៃទី 6 ខែកញ្ញាឆ្នាំ 2019 ស្ថិតនៅត្រង់ចំណុចខាងត្បូងស្តុបសន្ធរមុខ តាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទឹកល្អក់ 1 ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋអ្នកឃើញហេតុការណ៍ដេញចាប់ជនជនសង្ស័យបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុគាត់ឃើញស្ត្រីជនជាតិកូរ៉េគាត់ជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក.ព៌ណទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ1AY-7781បានធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុងចេញពីស្តុកសន្ធរម៉ុកក្នុងទិសដៅពីជើងទៅត្បូង លុះមកផុតចំណុចស្តុបបន្តិចត្រូវបានជនសង្ស័យមានគ្នា ២នាក់ជិះម៉ូតូម៉ាក Bat មួយគ្រឿង ព៌ណស ពាក់ស្លាកលេខភ្នំពេញ 1HW-4873បានធ្វើដំណើរមកពីក្រោយហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទពីស្ត្រីជនជាតិកូរ៉េនោះតែម្តងែមិនបានសម្រេច ភ្លាមនោះត្រូវបានប្រជាពលរដ្ឋគឺបុរសទាំងពីរនាក់ឃើញទាន់ក៏ធ្វើការដេញចាប់ជនសង្ស័យភ្លាមៗតែម្ដងធ្វើអោយជនសង្ស័យភ័យស្លាន់ស្លោត្រូវបានជនសង្ស័យផ្ដួលម៉ូតូហើយរត់គេចខ្លួនបាត់ស្រមោលតែម្ដង។

ក្រោយកើតហេតុត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជខណ្ឌទួលគោកចុះមកដល់កន្លែងកើតហេតុភ្លាមៗហើយនាំស្ត្រីរងគ្រោះជនជាតិកូរ៉េរួមទាំងម៉ូតូជនសង្ស័យយកទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោកដើម្បីធ្វើការសាកសួរនាំ បន្ទាប់មកក៏មានកម្លាំងសមត្ថកិច្ចខណ្ឌទួលគោកចុះមកដល់កន្លែងកើតហេតុផងដែរបានត្រឹមតែសួរនាំប្រជាពលរដ្ឋស្តាយម៉ូតូជនសង្ស័យដែលត្រូវកងរាជអាវុធហត្ថយកទៅបាត់៕